1. នៅឆ្នាំទីដប់ប្រាំពីរនៃរជ្ជកាលព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអហាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។
2. កាលព្រះបាទអហាសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ ស្ដេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ដូចព្រះបាទដាវីឌជាអយ្យកោឡើយ
3. ប៉ុន្តែ ស្ដេចដើរតាមផ្លូវរបស់ស្ដេចនានានៅស្រុកអ៊ីស្រាអែល គឺស្ដេចហ៊ានរហូតដល់យកបុត្រទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
4. ស្ដេចបានធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
5. ពេលនោះ ព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី និងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល នាំគ្នាឡើងមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទ្ធព្រះបាទអហាស តែមិនអាចយកជ័យជំនះបានទេ។
6. នៅគ្រាដដែលនោះ ព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី ដណ្ដើមយកក្រុងអេឡាតបានវិញ រួចបណ្ដេញជនជាតិយូដាចេញពីក្រុងនោះ។ ជនជាតិអេដុមក៏វិលមកតាំងទីលំនៅក្នុងក្រុងអេឡាត រហូតដល់សព្វថ្ងៃ។