8. នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអសារា ជាស្ដេចស្រុកយូដា ព្រះបាទសាការី ជាបុត្ររបស់ព្រះបាទយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានប្រាំមួយខែនៅក្រុងសាម៉ារី។
9. ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោដែរ គឺស្ដេចពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
10. គ្រានោះ លោកសាលូម ជាកូនរបស់លោកយ៉ាបេស បានក្បត់ស្ដេច ហើយធ្វើគុតស្ដេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។
11. រាជកិច្ចផ្សេងៗរបស់ព្រះបាទសាការីសុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
12. ហេតុការណ៍នេះកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ព្រះបាទយេហ៊ូវថា៖ «កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលបានបួនតំណ»។
13. ព្រះបាទសាលូម ជាកូនរបស់លោកយ៉ាបេស ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលព្រះបាទអូស្យ៉ាស ជាស្ដេចស្រុកយូដា ទ្រង់សោយរាជ្យបានមួយខែ នៅក្រុងសាម៉ារី។
14. លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី ធ្វើគុតព្រះបាទសាលូម ជាបុត្ររបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។
15. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទសាលូម និងគម្រោងការក្បត់ ដែលស្ដេចរៀបចំប្រឆាំងនឹងព្រះបាទសាការី សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
16. គ្រានោះ ព្រះបាទមណាហិមបានវាយយកក្រុងធីបសា និងសម្លាប់រង្គាលអ្នកក្រុងនោះ ព្រមទាំងអ្នកស្រុកដែលរស់នៅតំបន់ជុំវិញ ចាប់តាំងពីក្រុងធើសារហូតមក។ ស្ដេចវាយប្រហារក្រុងនេះ ព្រោះគេមិនបើកទ្វារក្រុងទទួលស្ដេច។ ស្ដេចបានវះពោះស្ត្រីទាំងអស់ដែលមានគភ៌ នៅក្នុងក្រុងនោះចោលផង។