4. ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។
5. ព្រះអម្ចាស់បានធ្វើឲ្យព្រះបាទអសារាកើតឃ្លង់ រហូតដល់ថ្ងៃដែលស្ដេចអស់ព្រះជន្ម។ ស្ដេចត្រូវគង់ក្នុងដំណាក់មួយដាច់ឡែកពីគេ។ សម្ដេចយ៉ូថាម ជាបុត្រ មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។
6. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអសារា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
7. ព្រះបាទអសារាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទយ៉ូថាម ជាបុត្រ ឡើងស្នងរាជ្យ។
8. នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអសារា ជាស្ដេចស្រុកយូដា ព្រះបាទសាការី ជាបុត្ររបស់ព្រះបាទយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានប្រាំមួយខែនៅក្រុងសាម៉ារី។
9. ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោដែរ គឺស្ដេចពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
10. គ្រានោះ លោកសាលូម ជាកូនរបស់លោកយ៉ាបេស បានក្បត់ស្ដេច ហើយធ្វើគុតស្ដេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។
11. រាជកិច្ចផ្សេងៗរបស់ព្រះបាទសាការីសុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
12. ហេតុការណ៍នេះកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ព្រះបាទយេហ៊ូវថា៖ «កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលបានបួនតំណ»។
13. ព្រះបាទសាលូម ជាកូនរបស់លោកយ៉ាបេស ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលព្រះបាទអូស្យ៉ាស ជាស្ដេចស្រុកយូដា ទ្រង់សោយរាជ្យបានមួយខែ នៅក្រុងសាម៉ារី។
14. លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី ធ្វើគុតព្រះបាទសាលូម ជាបុត្ររបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។
15. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទសាលូម និងគម្រោងការក្បត់ ដែលស្ដេចរៀបចំប្រឆាំងនឹងព្រះបាទសាការី សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
16. គ្រានោះ ព្រះបាទមណាហិមបានវាយយកក្រុងធីបសា និងសម្លាប់រង្គាលអ្នកក្រុងនោះ ព្រមទាំងអ្នកស្រុកដែលរស់នៅតំបន់ជុំវិញ ចាប់តាំងពីក្រុងធើសារហូតមក។ ស្ដេចវាយប្រហារក្រុងនេះ ព្រោះគេមិនបើកទ្វារក្រុងទទួលស្ដេច។ ស្ដេចបានវះពោះស្ត្រីទាំងអស់ដែលមានគភ៌ នៅក្នុងក្រុងនោះចោលផង។
17. នៅអំឡុងឆ្នាំទីសាមសិបប្រាំបួននៃរជ្ជកាលព្រះបាទអសារា ជាស្ដេចស្រុកយូដា ព្រះបាទមណាហិម ជាកូនរបស់លោកកាឌី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានដប់ឆ្នាំ នៅក្រុងសាម៉ារី។
18. ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ក្នុងអំឡុងពេលសោយរាជ្យនោះ ស្ដេចពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
19. គ្រានោះ ព្រះចៅពូល ជាស្ដេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រាអែល តែព្រះបាទមណាហិម យកប្រាក់មួយពាន់ហាបថ្វាយព្រះចៅពូល សូមឲ្យស្ដេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។
20. ព្រះបាទមណាហិមទារពន្ធពីប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាអ្នកមានទ្រព្យសម្បត្តិ គឺម្នាក់ៗត្រូវបង់ពន្ធហាសិបណែន ដើម្បីឲ្យបានប្រាក់យកទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។ ដូច្នេះ ស្ដេចអាស្ស៊ីរីក៏ចាកចេញពីស្រុកអ៊ីស្រាអែល វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
21. រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទមណាហិម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។