២ ពង្សា‌វតារ‌ក្សត្រ 15:26-38 Khmer Standard Version (KHSV)

26. រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ពេកា‌ហ៊ា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

27. នៅ​ឆ្នាំ​ទី​ហា‌សិប​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ជា​ស្ដេច​យូដា ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

28. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

29. ក្នុង​រជ្ជកាល​ព្រះ‌បាទ​ពេកា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​ដណ្ដើម​យក​ទីក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលី‌ឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី។

30. លោក​ហូស៊ា ជា​កូន​របស់​លោក​អេឡា បាន​ឃុប‌ឃិត​ក្បត់​នឹង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា លោក​ធ្វើ​គុត​ស្ដេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រា ស្ដេច​ស្រុក​យូដា។

31. រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ពេកា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

32. នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។

33. កាល​ព្រះ‌បាទ​យ៉ូថាម​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេរូ‌សា ជា​កូន​របស់​លោក​សាដុក។

34. ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អសា‌រា​ជា​បិតា​ដែរ។

35. ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជា‌ជន​នៅ​តែ​ថ្វាយ‌យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប តាម​ទួល​ខ្ពស់ៗ​ដដែល។ ព្រះ‌បាទ​យ៉ូថាម​បាន​សង់​ទ្វារ​ខាង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

36. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូថាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

37. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ចាប់​ផ្ដើម​ចាត់​ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះ‌បាទ​ពេកា​ជា​កូន​របស់​លោក​រេម៉ា‌លា ឲ្យ​មក​លុក‌លុយ​ស្រុក​យូដា។

38. ព្រះ‌បាទ​យ៉ូថាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អហាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។

២ ពង្សា‌វតារ‌ក្សត្រ 15