14. លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី ធ្វើគុតព្រះបាទសាលូម ជាបុត្ររបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។
15. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទសាលូម និងគម្រោងការក្បត់ ដែលស្ដេចរៀបចំប្រឆាំងនឹងព្រះបាទសាការី សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
16. គ្រានោះ ព្រះបាទមណាហិមបានវាយយកក្រុងធីបសា និងសម្លាប់រង្គាលអ្នកក្រុងនោះ ព្រមទាំងអ្នកស្រុកដែលរស់នៅតំបន់ជុំវិញ ចាប់តាំងពីក្រុងធើសារហូតមក។ ស្ដេចវាយប្រហារក្រុងនេះ ព្រោះគេមិនបើកទ្វារក្រុងទទួលស្ដេច។ ស្ដេចបានវះពោះស្ត្រីទាំងអស់ដែលមានគភ៌ នៅក្នុងក្រុងនោះចោលផង។
17. នៅអំឡុងឆ្នាំទីសាមសិបប្រាំបួននៃរជ្ជកាលព្រះបាទអសារា ជាស្ដេចស្រុកយូដា ព្រះបាទមណាហិម ជាកូនរបស់លោកកាឌី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានដប់ឆ្នាំ នៅក្រុងសាម៉ារី។
18. ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ក្នុងអំឡុងពេលសោយរាជ្យនោះ ស្ដេចពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
19. គ្រានោះ ព្រះចៅពូល ជាស្ដេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រាអែល តែព្រះបាទមណាហិម យកប្រាក់មួយពាន់ហាបថ្វាយព្រះចៅពូល សូមឲ្យស្ដេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។
20. ព្រះបាទមណាហិមទារពន្ធពីប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាអ្នកមានទ្រព្យសម្បត្តិ គឺម្នាក់ៗត្រូវបង់ពន្ធហាសិបណែន ដើម្បីឲ្យបានប្រាក់យកទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។ ដូច្នេះ ស្ដេចអាស្ស៊ីរីក៏ចាកចេញពីស្រុកអ៊ីស្រាអែល វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
21. រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទមណាហិម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
22. កាលព្រះបាទមណាហិមសោយទិវង្គត ព្រះបាទពេកាហ៊ា ជាបុត្រ បានឡើងស្នងរាជ្យ។
23. នៅឆ្នាំទីហាសិបនៃរជ្ជកាលព្រះបាទអសារា ស្ដេចស្រុកយូដា ព្រះបាទពេកាហ៊ា ជាបុត្ររបស់ព្រះបាទមណាហិម បានឡើងសោយរាជ្យនៅស្រុកអ៊ីស្រាអែល។ ស្ដេចសោយរាជ្យបានពីរឆ្នាំ នៅក្រុងសាម៉ារី។
24. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
25. លោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្ដេច បានឃុបឃិតជាមួយលោកអើកុប និងលោកអើរីយេធ្វើគុតស្ដេច ក្នុងដំណាក់មួយនៃរាជវាំង នៅក្រុងសាម៉ារី។ ពេលនោះ លោកមានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដ ចូលរួមជាមួយដែរ។ លោកបានធ្វើគុតព្រះបាទពេកាហ៊ា ហើយឡើងសោយរាជ្យជំនួស។
26. រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទពេកាហ៊ា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
27. នៅឆ្នាំទីហាសិបពីរនៃរជ្ជកាលព្រះបាទអសារា ជាស្ដេចយូដា ព្រះបាទពេកា ជាកូនរបស់លោករេម៉ាលាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានម្ភៃឆ្នាំ នៅក្រុងសាម៉ារី។