3. ស្ដេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ តែពុំបានដូចព្រះបាទដាវីឌ ជាអយ្យកោឡើយ ស្ដេចបានប្រព្រឹត្តអំពើគ្រប់យ៉ាង ដូចព្រះបាទយ៉ូអាសជាបិតាដែរ។
4. ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។
5. ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ទ្រង់ប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតព្រះបាទយ៉ូអាស ជាបិតា។
6. ប៉ុន្តែ ទ្រង់ពុំបានប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដោយគោរពតាមព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គឺព្រះអម្ចាស់បានបង្គាប់ថា «មិនត្រូវប្រហារជីវិតឪពុក ព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។
7. ព្រះបាទអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្ដេចដណ្ដើមយកបានក្រុងសេឡា ដែលស្ដេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
8. គ្រានោះ ព្រះបាទអម៉ាស៊ីយ៉ាចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស និងជាចៅរបស់ព្រះបាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា»។
9. ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាត់មនុស្សឲ្យមកទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដាវិញថា៖ «គ្រាមួយនោះ គុម្ពបន្លាដែលដុះនៅភ្នំលីបង់ ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នក ឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។
10. ព្រះករុណាវាយឈ្នះជនជាតិអេដុមមែន ហេតុនេះហើយបានជាព្រះករុណាមានមោទនភាព។ ចូរអបអរសាទរនឹងជ័យជំនះ រួចគង់ក្នុងដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដាមុខជាបរាជ័យមិនខាន»។
11. ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្ដាប់តាមសេចក្ដីព្រមាននេះទេ។ ពេលនោះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ក៏ឡើងមកប្រយុទ្ធតទល់នឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា នៅក្រុងបេតសេមែស ជាក្រុងរបស់យូដា។
12. កងទ័ពអ៊ីស្រាអែលវាយឈ្នះកងទ័ពយូដា ហើយពលទាហានយូដាបាក់ទ័ព រត់មកកាន់ទីលំនៅរៀងៗខ្លួនវិញ។
13. ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាប់ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទអហាស៊ីយ៉ា ធ្វើជាឈ្លើយ នៅបេតសេមែស។ បន្ទាប់មក ព្រះបាទយ៉ូអាសយាងទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។
14. ស្ដេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជទ្រព្យ ព្រមទាំងនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។