19. នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ព្រះបាទអម៉ាស៊ីយ៉ា ដូច្នេះ ស្ដេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមព្រះរាជា រហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្ដេចនៅទីនោះ។
20. គេយកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះនៅក្រុងយេរូសាឡឹម ក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ។
21. ប្រជាជននៅស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអសារា ដែលមានព្រះជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យតពីព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។
22. ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។