16. កាលព្រះបាទយ៉ូអាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរ នៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោម ជាបុត្រ ក៏ឡើងស្នងរាជ្យ។
17. ក្រោយពីព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស ស្ដេចស្រុកអ៊ីស្រាអែល សោយទិវង្គត ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា មានព្រះជន្មគង់នៅបានដប់ប្រាំវស្សាទៀត។
18. រាជកិច្ចផ្សេងៗរបស់ព្រះបាទអម៉ាស៊ីយ៉ាសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
19. នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ព្រះបាទអម៉ាស៊ីយ៉ា ដូច្នេះ ស្ដេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមព្រះរាជា រហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្ដេចនៅទីនោះ។
20. គេយកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះនៅក្រុងយេរូសាឡឹម ក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ។
21. ប្រជាជននៅស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអសារា ដែលមានព្រះជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យតពីព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។
22. ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។
23. នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ឡើងសោយរាជ្យ នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។
24. ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។
25. ព្រះបាទយេរ៉ូបោមបានកំណត់ព្រំប្រទល់ទឹកដីរបស់អ៊ីស្រាអែលឡើងវិញ ចាប់តាំងពីច្រកចូលហាម៉ាត់ រហូតដល់សមុទ្រអារ៉ាបា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ថ្លែងតាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្យាការីយ៉ូណាស ជាកូនរបស់លោកអមីថាយ ជាអ្នកស្រុកកាថ-ហេភើរ។
26. ព្រះអម្ចាស់ទតឃើញអ៊ីស្រាអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។
27. ព្រះអម្ចាស់ពុំសព្វព្រះហឫទ័យលុបឈ្មោះអ៊ីស្រាអែលឲ្យបាត់ពីផែនដីទេ។ ដូច្នេះ ព្រះអង្គសង្គ្រោះប្រជាជននេះ តាមរយៈព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស។
28. រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយេរ៉ូបោម និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចក្នុងការធ្វើសឹកសង្គ្រាម ការវាយដណ្ដើមយកក្រុងដាម៉ាស និងក្រុងហាម៉ាត់ពីកណ្ដាប់ដៃរបស់ជនជាតិយូដា មកដាក់ក្រោមការគ្រប់គ្រងរបស់ស្រុកអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
29. ព្រះបាទយេរ៉ូបោមសោយទិវង្គត ហើយគេបញ្ចុះសពនៅក្នុងផ្នូររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទសាការី ជាបុត្រ ឡើងស្នងរាជ្យ។