7. កងទ័ពរបស់ព្រះបាទយ៉ូអាហាសមាននៅសល់ត្រឹមតែទ័ពសេះហាសិបនាក់ រទេះចំបាំងដប់ និងកងពលថ្មើរជើងមួយម៉ឺននាក់ប៉ុណ្ណោះ ដ្បិតស្ដេចស្រុកស៊ីរីបានបំផ្លាញស្ទើរតែទាំងអស់ ទុកទ័ពឲ្យនៅសេសសល់បន្តិចបន្តួច ប្រៀបដូចជាធូលីដែលគេដើរជាន់។
8. រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាហាស និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
9. កាលស្ដេចសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយព្រះបាទយ៉ូអាស ជាបុត្រ ឡើងស្នងរាជ្យ។
10. នៅឆ្នាំទីសាមសិបប្រាំពីរនៃរជ្ជកាលព្រះបាទយ៉ូអាស ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ។
11. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះទេ គឺស្ដេចប្រព្រឹត្តតាមផ្លូវអាក្រក់ដូចគេដែរ។
12. រីឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច និងសង្គ្រាមជាមួយព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
13. កាលព្រះបាទយ៉ូអាសសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោមឡើងស្នងរាជ្យ។
14. នៅគ្រានោះ លោកអេលីសេមានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមកសួរសុខទុក្ខលោក ស្ដេចយំសម្រក់ទឹកភ្នែកលើមុខលោក ហើយមានរាជឱង្ការថា៖ «លោកឪពុក! លោកឪពុកអើយ លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។
15. លោកអេលីសេទូលព្រះរាជាថា៖ «សូមព្រះករុណាយកធ្នូ និងព្រួញមក!»។ ស្ដេចក៏យកធ្នូ និងព្រួញមកកាន់។
16. ព្យាការីទូលព្រះរាជាថា៖ «សូមព្រះករុណាលើកធ្នូឡើងយឹតទៅ!»។ ព្រះរាជាក៏លើកធ្នូឡើង ហើយយឹត។ លោកអេលីសេដាក់ដៃលើព្រះហស្ដស្ដេច
17. រួចទូលថា៖ «សូមព្រះករុណាបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ព្រះបាទយ៉ូអាសក៏បើកបង្អួចនោះ។ លោកអេលីសេទូលថា៖ «សូមបាញ់ទៅ!» ស្ដេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជំនះមកពីព្រះអម្ចាស់ គឺព្រួញជ័យជំនះលើជនជាតិស៊ីរី។ ព្រះករុណានឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។
18. លោកអេលីសេទូលព្រះរាជាទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្ដេចក៏យកព្រួញទាំងនោះមកកាន់។ ព្យាការីទូលថា៖ «សូមវាយលើដី!» ស្ដេចវាយលើដីបីដង ហើយឈប់។
19. អ្នកជំនិតរបស់ព្រះជាម្ចាស់ក្រេវក្រោធនឹងព្រះរាជា ហើយទូលថា៖ «គួរតែវាយឲ្យបានប្រាំ ឬប្រាំមួយដង នោះព្រះករុណាពិតជាច្បាំងឈ្នះជនជាតិស៊ីរី រហូតដល់បំផ្លាញពួកគេឲ្យវិនាសសូន្យ។ ប៉ុន្តែ ឥឡូវនេះ ព្រះករុណាវាយពួកគេឈ្នះបានត្រឹមតែបីដងប៉ុណ្ណោះ»។
20. បន្ទាប់មក លោកអេលីសេទទួលមរណភាព ហើយគេក៏យកសពលោកទៅបញ្ចុះ។ជារៀងរាល់ឆ្នាំ ទាហានជនជាតិម៉ូអាប់តែងតែចូលមកទន្ទ្រានក្នុងស្រុក។