1. នៅឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកយូដា ព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំពីរឆ្នាំ។
2. ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ ស្ដេចមិនងាកចេញពីផ្លូវនោះទេ។
3. ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងជនជាតិអ៊ីស្រាអែល ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី និងព្រះបាទបេនហាដាដ ជាបុត្ររបស់ព្រះបាទហាសែល ក្នុងអំឡុងពេលដ៏យូរ។
4. ប៉ុន្តែ ព្រះបាទយ៉ូអាហាសទូលអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរនេះ ដ្បិតព្រះអង្គទតឃើញស្ដេចស្រុកស៊ីរីជិះជាន់សង្កត់សង្កិនប្រជាជនអ៊ីស្រាអែល
5. ព្រះអម្ចាស់ប្រោសប្រទានឲ្យមានអ្នកដឹកនាំមួយរូបមកសង្គ្រោះជនជាតិអ៊ីស្រាអែល ពីកណ្ដាប់ដៃរបស់ជនជាតិស៊ីរី និងឲ្យពួកគេរស់នៅដោយសុខសាន្តក្នុងស្រុករបស់ខ្លួនដូចកាលពីមុន។
6. ប៉ុន្តែ ពួកគេពុំបានងាកចេញពីអំពើបាប ដែលរាជវង្សរបស់ព្រះបាទយេរ៉ូបោមនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ ពួកគេនៅតែប្រព្រឹត្តអំពើបាបនោះតទៅទៀត គឺសូម្បីតែបង្គោលរបស់ព្រះអាសេរ៉ាក៏មាននៅក្នុងក្រុងសាម៉ារីដែរ។
7. កងទ័ពរបស់ព្រះបាទយ៉ូអាហាសមាននៅសល់ត្រឹមតែទ័ពសេះហាសិបនាក់ រទេះចំបាំងដប់ និងកងពលថ្មើរជើងមួយម៉ឺននាក់ប៉ុណ្ណោះ ដ្បិតស្ដេចស្រុកស៊ីរីបានបំផ្លាញស្ទើរតែទាំងអស់ ទុកទ័ពឲ្យនៅសេសសល់បន្តិចបន្តួច ប្រៀបដូចជាធូលីដែលគេដើរជាន់។
8. រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាហាស និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
9. កាលស្ដេចសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយព្រះបាទយ៉ូអាស ជាបុត្រ ឡើងស្នងរាជ្យ។
10. នៅឆ្នាំទីសាមសិបប្រាំពីរនៃរជ្ជកាលព្រះបាទយ៉ូអាស ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ។
11. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះទេ គឺស្ដេចប្រព្រឹត្តតាមផ្លូវអាក្រក់ដូចគេដែរ។
12. រីឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច និងសង្គ្រាមជាមួយព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
13. កាលព្រះបាទយ៉ូអាសសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោមឡើងស្នងរាជ្យ។
14. នៅគ្រានោះ លោកអេលីសេមានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមកសួរសុខទុក្ខលោក ស្ដេចយំសម្រក់ទឹកភ្នែកលើមុខលោក ហើយមានរាជឱង្ការថា៖ «លោកឪពុក! លោកឪពុកអើយ លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។