២ ពង្សា‌វតារ‌ក្សត្រ 12:13-21 Khmer Standard Version (KHSV)

21. ព្រះ‌បាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ប្រាំ‌ពីរ​វស្សា

13. ប៉ុន្តែ គេ​ពុំ​បាន​ប្រើ​ប្រាក់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ធ្វើ​ពាន​ប្រាក់ កាំបិត ថូ ត្រែ ឬ​ប្រដាប់‌ប្រដា​អ្វី​ផ្សេង​ទៀត​អំពី​មាស ប្រាក់ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ។

14. គេ​ប្រគល់​ប្រាក់​នេះ​ឲ្យ​អស់​អ្នក​ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ សម្រាប់​ប្រើ‌ប្រាស់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

15. គេ​ពុំ​បាន​ត្រួត​ពិនិត្យ​អស់​អ្នក​ដែល​យក​ប្រាក់​នោះ​ទៅ​បើក​ឲ្យ​ពួក​ជាង​ទេ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​បំផុត។

16. រីឯ​ប្រាក់​តង្វាយ​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស និង​យញ្ញ‌បូជា​រំដោះ​បាប គេ​ពុំ​បាន​ទុក​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទេ គឺ​ប្រាក់​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​បូជា‌ចារ្យ​វិញ។

17. នៅ​គ្រា​នោះ ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្ដើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក ព្រះ‌បាទ​ហាសែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។

18. ព្រះ‌បាទ​យ៉ូអាស​ស្ដេច​ស្រុក​យូដា ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​វាំង ជា​វត្ថុ​ដែល​ស្ដេច​ស្រុក​យូដា ជា​អយ្យ‌កោ គឺ​ព្រះ‌បាទ​យ៉ូសា‌ផាត ព្រះ‌បាទ​យ៉ូរ៉ាម និង​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​ថ្វាយ​ជា​តង្វាយ ព្រម​ទាំង​វត្ថុ​ដែល​ស្ដេច​ផ្ទាល់​បាន​ថ្វាយ​ជា​តង្វាយ ហើយ​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។ ហេតុ​នេះ ស្ដេច​ក្រុង​ស៊ីរី​ក៏​ដក​ទ័ព​ថយ ឈប់​វាយ​ក្រុង​យេរូ‌សាឡឹម។

19. រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

20. មេ‌ទ័ព​របស់​ស្ដេច​បាន​ក្រោក​ឡើង​រួម​គំនិត​គ្នា​ក្បត់​នឹង​ព្រះ‌បាទ​យ៉ូអាស។ ពួក​គេ​ធ្វើ​គុត​ស្ដេច នៅ​ប៉ម​មីឡូ តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។

21. មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​ស្ដេច គឺ​លោក​យ៉ូសា​ការ ជា​កូន​របស់​លោក​ស៊ីមាត និង​លោក​យ៉ូសា‌បាឌ ជា​កូន​របស់​លោក​សូមើរ។ គេ​បាន​បញ្ចុះ​សព​ស្ដេច​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

២ ពង្សា‌វតារ‌ក្សត្រ 12