1. គឺនៅឆ្នាំទីប្រាំពីរក្នុងរជ្ជកាលព្រះបាទយេហ៊ូវ ជាស្ដេចស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ រីឯមាតារបស់ស្ដេចមាននាមថា ស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។
2. ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ អស់មួយជីវិត ដូចលោកបូជាចារ្យយេហូយ៉ាដាបានបង្ហាត់បង្រៀន។
3. ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។
4. ព្រះបាទយ៉ូអាសមានរាជឱង្ការទៅកាន់ពួកបូជាចារ្យថា៖ «ចំពោះប្រាក់ទាំងប៉ុន្មានដែលគេយកមកថ្វាយជាតង្វាយ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសម្រាប់ព្រះដំណាក់ ប្រាក់បានមកពីតង្វាយលោះមនុស្ស ស្របតាមការវាយតម្លៃ និងតង្វាយស្ម័គ្រចិត្ត ដែលគេយកមកថ្វាយព្រះដំណាក់របស់ព្រះអម្ចាស់
5. នោះឲ្យក្រុមបូជាចារ្យទទួលយក គឺម្នាក់ៗត្រូវទទួលយកចំណែករបស់ខ្លួនពីអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលកន្លែងបាក់បែកទាំងប៉ុន្មាននៅក្នុងព្រះដំណាក់ ដែលគេយល់ថាចាំបាច់គួរតែជួសជុល»។
6. ប៉ុន្តែ រហូតមកដល់ឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះបាទយ៉ូអាស ក្រុមបូជាចារ្យពុំទាន់បានជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់នៅឡើយទេ។
7. ព្រះបាទយ៉ូអាសកោះហៅលោកបូជាចារ្យយេហូយ៉ាដា ព្រមទាំងបូជាចារ្យឯទៀតៗមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់? ចាប់ពីពេលនេះតទៅ អស់លោកមិនត្រូវទទួលប្រាក់ពីអ្នកស្គាល់ទៀតឡើយ តែត្រូវបង្វិលប្រាក់នេះសម្រាប់ការជួសជុលព្រះដំណាក់វិញ»។
8. ដូច្នេះ ពួកបូជាចារ្យក៏ឈប់ទទួលប្រាក់ពីប្រជាជន និងលែងទទួលបន្ទុកលើការជួសជុលព្រះដំណាក់ទៀត។
9. លោកបូជាចារ្យយេហូយ៉ាដាយកហិបមួយចោះរន្ធលើគម្រប រួចដាក់នៅខាងស្ដាំអាសនៈ ត្រង់មាត់ទ្វារចូលព្រះដំណាក់។ ពួកបូជាចារ្យជាអ្នកយាមនៅមាត់ទ្វារ ដាក់ប្រាក់ទាំងអស់ដែលគេយកមកថ្វាយព្រះដំណាក់ ក្នុងហិបនោះ។
10. កាលណាគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និងមហាបូជាចារ្យក៏មកទទួលប្រាក់នៅក្នុងព្រះដំណាក់យកទៅរាប់ រួចទុកក្នុងថង់មួយ។
11. បន្ទាប់មក លោកប្រគល់ប្រាក់នោះឲ្យពួកមេជាងដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ គេប្រើប្រាក់នោះសម្រាប់ជួលជាងឈើ និងជាងសំណង់ដែលត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់
12. ព្រមទាំងជួលជាងកំបោរ ជាងដាប់ថ្ម ហើយទិញឈើ និងថ្មដាប់សម្រាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ប្រាក់នេះក៏ប្រើសម្រាប់ការចំណាយគ្រប់ប្រភេទ ក្នុងការជួសជុលព្រះដំណាក់ឡើងវិញ។
13. ប៉ុន្តែ គេពុំបានប្រើប្រាក់ដែលប្រជាជនយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទៅធ្វើពានប្រាក់ កាំបិត ថូ ត្រែ ឬប្រដាប់ប្រដាអ្វីផ្សេងទៀតអំពីមាស ប្រាក់ សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ។
14. គេប្រគល់ប្រាក់នេះឲ្យអស់អ្នកដែលទទួលបន្ទុកលើការងារ សម្រាប់ប្រើប្រាស់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។
15. គេពុំបានត្រួតពិនិត្យអស់អ្នកដែលយកប្រាក់នោះទៅបើកឲ្យពួកជាងទេ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះស្ម័គ្របំផុត។