5. បន្ទាប់មក លោកបញ្ជាពួកគេថា៖ «អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ* មួយភាគបីត្រូវយាមដំណាក់ស្ដេច
6. មួយភាគបីត្រូវយាមនៅត្រង់មាត់ទ្វារស៊ើរ និងមួយភាគបីទៀតត្រូវយាមនៅទ្វារខាងក្រោយកន្លែងប្រចាំការ។ ក្រុមទាំងបីនេះត្រូវប្ដូរវេនគ្នាយាមព្រះដំណាក់។
7. រីឯអ្នករាល់គ្នាពីរក្រុមទៀត ដែលមិនត្រូវវេនយាមនៅថ្ងៃសប្ប័ទ ត្រូវយាមព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីការពារព្រះមហាក្សត្រ។
8. អ្នករាល់គ្នាត្រូវប្រដាប់អាវុធគ្រប់ដៃ នៅការពារជុំវិញមហាក្សត្រ។ បើនរណាម្នាក់ហ៊ានចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីទ្រង់យាងចេញ ឬចូលក៏ដោយ»។
9. ពួកមេទ័ពនាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ហើយទៅជួបលោកបូជាចារ្យយេហូយ៉ាដា។
10. លោកបូជាចារ្យចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជូនពួកមេទ័ពទាំងនោះ។
11. ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខព្រះដំណាក់ និងនៅជិតអាសនៈចាប់ពីប៉ែកខាងស្ដាំរហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។
12. ពេលនោះ លោកបូជាចារ្យយាងព្រះរាជបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង រួចគេចាក់ប្រេងអភិសេករាជកុមារតែងតាំងជាស្ដេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ព្រះមហាក្សត្រ!»។
13. កាលព្រះនាងអថាលាឮសម្រែកពលទាហាន និងប្រជាជន ព្រះនាងក៏យាងទៅមើលពួកគេនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
14. ព្រះនាងទតឃើញព្រះមហាក្សត្រថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
15. លោកបូជាចារ្យយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ!»។
16. គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតព្រះនាងនៅទីនោះ។
17. លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ ព្រះមហាក្សត្រ និងប្រជារាស្ត្រ ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ លោកក៏បានចងសម្ពន្ធមេត្រីរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែរ។
18. ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកម្ទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់ថាន ជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនៈទៀតផង។ លោកយេហូយ៉ាដាបានចាត់ចែងឲ្យមានអ្នកមើលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់។