12. ពេលនោះ លោកបូជាចារ្យយាងព្រះរាជបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង រួចគេចាក់ប្រេងអភិសេករាជកុមារតែងតាំងជាស្ដេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ព្រះមហាក្សត្រ!»។
13. កាលព្រះនាងអថាលាឮសម្រែកពលទាហាន និងប្រជាជន ព្រះនាងក៏យាងទៅមើលពួកគេនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
14. ព្រះនាងទតឃើញព្រះមហាក្សត្រថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
15. លោកបូជាចារ្យយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ!»។
16. គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតព្រះនាងនៅទីនោះ។
17. លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ ព្រះមហាក្សត្រ និងប្រជារាស្ត្រ ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ លោកក៏បានចងសម្ពន្ធមេត្រីរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែរ។