11. លោកយេហ៊ូវប្រហារជីវិតញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងយេសរាល ព្រមទាំងពួកនាម៉ឺនធំៗ អស់អ្នកដែលជិតស្និទ្ធនឹងស្ដេច ពួកបូជាចារ្យរបស់ស្ដេច ដោយពុំទុកនរណាម្នាក់ឲ្យរួចជីវិតឡើយ។
12. បន្ទាប់មក លោកយេហ៊ូវក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសាម៉ារី។ ពេលធ្វើដំណើរទៅដល់សាលាសំណាក់របស់ពួកគង្វាល
13. លោកបានជួបនឹងបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា។ លោកសួរពួកគេថា៖ «តើអស់លោកជានរណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា ពួកយើងនាំគ្នាចុះមកធ្វើគារវកិច្ចចំពោះបុត្ររបស់ព្រះមហាក្សត្រ និងបុត្ររបស់ព្រះមហាក្សត្រិយានី»។
14. លោកយេហ៊ូវបញ្ជាថា៖ «ចូរចាប់ពួកគេទាំងរស់!»។ គេក៏ចាប់អ្នកទាំងនោះ ទាំងរស់ នាំយកទៅសម្លាប់ ហើយបោះសាកសពទៅក្នុងអណ្ដូងទឹកនៃសាលាសំណាក់នោះ។ អ្នកទាំងនោះមានគ្នាចំនួនសែសិបពីរនាក់ លោកយេហ៊ូវឥតទុកនរណាម្នាក់ឲ្យរត់រួចឡើយ។
15. កាលលោកយេហ៊ូវចេញដំណើរពីទីនោះទៅ លោកបានជួបនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ដែលដើរតម្រង់មករកលោក។ លោកយេហ៊ូវជម្រាបសួរគាត់ ហើយសួរថា៖ «តើលោកមានចិត្តស្មោះចំពោះខ្ញុំ ដូចខ្ញុំមានចិត្តស្មោះចំពោះលោកដែរឬទេ?»។ លោកយ៉ូណាដាប់ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។ លោកយេហ៊ូវមានប្រសាសន៍ទៀតថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ លោកយ៉ូណាដាប់ក៏ហុចដៃ ហើយលោកយេហ៊ូវចាប់ដៃគាត់ ទាញឡើងជិះរទេះជាមួយលោក។
16. លោកយេហ៊ូវមានប្រសាសន៍ថា៖ «សូមមកជាមួយខ្ញុំ នោះលោកនឹងឃើញចិត្តស្រឡាញ់មោះមុតរបស់ខ្ញុំចំពោះព្រះអម្ចាស់!»។ លោកយេហ៊ូវក៏នាំលោកយ៉ូណាដាប់ឡើងជិះរទេះទៅជាមួយលោក។
17. លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេឲ្យផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកអេលីយ៉ា។
18. លោកយេហ៊ូវប្រមូលប្រជាជនទាំងមូលនៅក្រុងសាម៉ារី ហើយប្រកាសថា៖ «ព្រះបាទអហាប់ធ្លាប់គោរពព្រះបាលតែបន្តិចបន្តួចទេ រីឯខ្ញុំវិញ ខ្ញុំនឹងគោរពព្រះបាលយ៉ាងម៉ត់ចត់បំផុត។
19. ឥឡូវនេះ ចូរប្រមូលពួកព្យាការី ពួកអ្នកគោរពបម្រើ និងពួកបូជាចារ្យទាំងអស់របស់ព្រះបាល ឲ្យមកជួបជុំជាមួយយើង។ សូមកុំឲ្យនរណាម្នាក់អវត្តមានឡើយ ដ្បិតខ្ញុំចង់ថ្វាយយញ្ញបូជាមួយយ៉ាងធំចំពោះព្រះបាល។ បើនរណាម្នាក់អាក់ខាននឹងត្រូវប្រហារជីវិត»។ លោកយេហ៊ូវប្រើឧបាយកលដូច្នេះ ដើម្បីលុបបំបាត់ពួកអ្នកគោរពបម្រើព្រះបាលឲ្យអស់។
20. លោកយេហ៊ូវបញ្ជាឲ្យគេរៀបចំអង្គប្រជុំដ៏សក្ការៈមួយ ថ្វាយព្រះបាល។ គេក៏ប្រកាសដំណឹងនេះ
21. ដោយចាត់អ្នកនាំសារទៅគ្រប់ទិសទី ក្នុងស្រុកអ៊ីស្រាអែលទាំងមូល។ អស់អ្នកគោរពបម្រើព្រះបាលមកចូលរួមទាំងអស់គ្នា ឥតមាននរណាម្នាក់អវត្តមានឡើយ។ ពួកគេចូលទៅក្នុងវិហាររបស់ព្រះបាលពេញណែនតាន់តាប់ទាំងអស់។
22. លោកយេហ៊ូវបញ្ជាដល់អ្នកគ្រប់គ្រងផ្នែកសម្លៀកបំពាក់សម្រាប់ថ្វាយបង្គំព្រះបាលថា៖ «ចូរចែកសម្លៀកបំពាក់ជូនអស់អ្នកដែលបំពេញមុខងារបម្រើព្រះបាលចុះ!»។ គេយកសម្លៀកបំពាក់មកចែកឲ្យអ្នកទាំងនោះគ្រប់ៗគ្នា។
23. លោកយេហ៊ូវអញ្ជើញមកដល់វិហាររបស់ព្រះបាលជាមួយនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ហើយលោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលគោរពបម្រើព្រះបាលថា៖ «ចូរពិនិត្យមើល កុំឲ្យមានអ្នកបម្រើព្រះអម្ចាស់ស្ថិតនៅទីនេះឡើយ គឺឲ្យមានតែអស់អ្នកដែលគោរពបម្រើព្រះបាលប៉ុណ្ណោះ»។
24. ពេលនោះ លោកយេហ៊ូវ និងលោកយ៉ូណាដាប់ក៏ចូលទៅក្នុងវិហារ ដើម្បីថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូលដែរ។លោកយេហ៊ូវបានដាក់ទាហានប៉ែតសិបនាក់ឲ្យចាំនៅខាងក្រៅ ដោយបញ្ជាថា៖ «ខ្ញុំប្រគល់អ្នកទាំងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ អ្នកណាបណ្ដោយឲ្យមនុស្សម្នាក់រត់រួច អ្នកនោះនឹងត្រូវស្លាប់ជំនួស»។
25. ពេលថ្វាយតង្វាយដុតទាំងមូលរួចស្រេចហើយ លោកយេហ៊ូវបញ្ជាទៅពលទាហាន និងនាយទាហានទ័ពសេះថា៖ «ចូរចូលទៅប្រហារពួកគេទាំងអស់គ្នា កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ទាហានទាំងនោះក៏ប្រហារពួកគេដោយមុខដាវ ហើយបោះសាកសពចេញមកក្រៅ រួចចូលទៅខាងក្នុងទីសក្ការៈនៃវិហាររបស់ព្រះបាល។
26. ពួកគេយកស្តូបនៅក្នុងវិហាររបស់ព្រះបាលចេញមកដុតនៅខាងក្រៅ។
27. ក្រោយពីបានដុតបំផ្លាញស្តូបរបស់ព្រះបាលចោលហើយ ពួកគេរំលំវិហាររបស់ព្រះបាល រួចយកទីនោះធ្វើជាកន្លែងបន្ទោរបង់រហូតដល់សព្វថ្ងៃ។
28. ព្រះបាទយេហ៊ូវលុបបំបាត់ការគោរពព្រះបាលចេញពីស្រុកអ៊ីស្រាអែល
29. ប៉ុន្តែ ទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត បាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្ត ដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។