២ ពង្សា‌វតារ‌ក្សត្រ 10:1-15 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​អហាប់​មាន​បុត្រា​ចិត‌សិប​អង្គ រស់​នៅ​ក្រុង​សាម៉ារី។ លោក​យេហ៊ូវ​ផ្ញើ​សារ ទៅ​ជូន​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​ទីក្រុង ព្រឹទ្ធា‌ចារ្យ និង​គ្រូ​បាធ្យាយ​របស់​បុត្រ​ព្រះ‌បាទ​អហាប់ ដែល​នៅ​ក្រុង​សាម៉ារី។ ក្នុង​សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

2. «អស់​លោក​មាន​បុត្រា​របស់​ស្ដេច ព្រម​ទាំង​រទេះ​ចំបាំង​ទ័ព​សេះ ទីក្រុង​ដ៏​រឹង‌មាំ និង​គ្រឿង​សស្ត្រា‌វុធ​ស្រាប់​ហើយ។ ដូច្នេះ ពេល​ណា​អស់​លោក​បាន​ទទួល​សារ​នេះ

3. ចូរ​ជ្រើស​តាំង​បុត្រ​ណា​មួយ​ដែល​ប្រសើរ​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស​បិតា ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ការពារ​រាជ‌វង្ស នៃ​ម្ចាស់​របស់​អស់​លោក​ទៅ»។

4. ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ស្ដេច​ទាំង​ពីរ​អង្គ​នោះ​ពុំ​អាច​តទល់​នឹង​លោក​យេហ៊ូវ​ផង ចុះ​ទំរាំ​បើ​យើង​វិញ តើ​យើង​អាច​តទល់​នឹង​លោក​ដូច​ម្ដេច​បាន?»។

5. អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​ព្រឹទ្ធា‌ចារ្យ និង​ពួក​គ្រូ​បាធ្យាយ ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​ម្ចាស់​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្ដេច​ទេ សូម​លោក​ម្ចាស់​ប្រព្រឹត្ត​តាម​តែ​លោក​ម្ចាស់​យល់​ឃើញ​ថា​ល្អ​ចុះ!»។

6. លោក​យេហ៊ូវ​ធ្វើ​សារ​មួយ​ទៀត​ផ្ញើ​ជូន​អស់​លោក​ទាំង​នោះ មាន​សេចក្ដី​ដូច​ត​ទៅ៖ «ប្រសិន​បើ​អស់​លោក​ចូល​មក​ខាង​ខ្ញុំ និង​ស្ដាប់​តាម​បញ្ជា​របស់​ខ្ញុំ ចូរ​កាត់​ក​បុត្រា​ទាំង​អស់​របស់​ម្ចាស់​អស់​លោក ហើយ​យក​ក្បាល​មក​ឲ្យ​ខ្ញុំ​នៅ​ក្រុង​យេសរាល នា​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ!»។ ពេល​នោះ បុត្រា​ទាំង​ចិត‌សិប​អង្គ​រស់​នៅ​តាម​ផ្ទះ​របស់​នាម៉ឺន​ធំៗ ក្នុង​ក្រុង​សាម៉ារី ហើយ​លោក​ទាំង​នោះ​ចិញ្ចឹម​ពួក​គេ។

7. ពេល​ពួក​មេ​ដឹក​នាំ​នៃ​ក្រុង​សាម៉ារី​ទទួល​សារ​របស់​លោក​យេហ៊ូវ គេ​នាំ​គ្នា​ចាប់​បុត្រា​របស់​ស្ដេច​ទាំង​ចិត‌សិប​អង្គ​នោះ មក​កាត់​ក យក​ក្បាល​ដាក់​ក្នុង​កព្ឆោ នាំ​ទៅ​ជូន​លោក​យេហ៊ូវ​នៅ​ក្រុង​យេសរាល។

8. អ្នក​នាំ​សារ​ម្នាក់​រត់​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា គេ​នាំ​ក្បាល​របស់​កូន​ស្ដេច​មក​ហើយ។ លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​យក​ក្បាល​ទាំង​នោះ​ទៅ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ស្អែក»។

9. លុះ​ព្រឹក​ឡើង លោក​យេហ៊ូវ​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​គ្មាន​ទោស​អ្វី​ទេ! គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង។ រីឯ​អ្នក​ទាំង​នេះ​វិញ តើ​នរណា​ជា​អ្នក​សម្លាប់?

10. ដូច្នេះ សូម​អ្នក​រាល់​គ្នា​ជ្រាប​ថា ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​ថ្លែង​ប្រឆាំង​នឹង​រាជ‌វង្ស​របស់​ស្ដេច​អហាប់ សុទ្ធ​តែ​បាន​សម្រេច​ឥត​ខ្វះ​ត្រង់​ណា​ឡើយ! ព្រះ‌អម្ចាស់​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​លោក​អេលីយ៉ា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»។

11. លោក​យេហ៊ូវ​ប្រហារ​ជីវិត​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​យេសរាល ព្រម​ទាំង​ពួក​នាម៉ឺន​ធំៗ អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ស្ដេច ពួក​បូជា‌ចារ្យ​របស់​ស្ដេច ដោយ​ពុំ​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ឡើយ។

12. បន្ទាប់​មក លោក​យេហ៊ូវ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាម៉ារី។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​សំណាក់​របស់​ពួក​គង្វាល

13. លោក​បាន​ជួប​នឹង​បង‌ប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា។ លោក​សួរ​ពួក​គេ​ថា៖ «តើ​អស់​លោក​ជា​នរណា​ដែរ?»។ ពួក​គេ​ឆ្លើយ​ថា៖ «ពួក​យើង​ជា​បង‌ប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពួក​យើង​នាំ​គ្នា​ចុះ​មក​ធ្វើ​គារវ‌កិច្ច​ចំពោះ​បុត្រ​របស់​ព្រះ‌មហា‌ក្សត្រ និង​បុត្រ​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី»។

14. លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ ទាំង​រស់ នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែ‌សិប​ពីរ​នាក់ លោក​យេហ៊ូវ​ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រត់​រួច​ឡើយ។

15. កាល​លោក​យេហ៊ូវ​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ លោក​បាន​ជួប​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ដែល​ដើរ​តម្រង់​មក​រក​លោក។ លោក​យេហ៊ូវ​ជម្រាប​សួរ​គាត់ ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណា‌ដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូ‌ណា‌ដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូវ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​លោក។

២ ពង្សា‌វតារ‌ក្សត្រ 10