3. ពេលនោះ ទេវតារបស់ព្រះអម្ចាស់ ថ្លែងទៅកាន់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ទៅជួបអ្នកនាំសាររបស់ស្ដេចក្រុងសាម៉ារី ហើយសួរថា “តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកនាំគ្នាទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?”
4. ហេតុនេះហើយព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។ លោកអេលីយ៉ាក៏ចាកចេញទៅ។
5. ពួកអ្នកនាំសារវិលមកគាល់ស្ដេចវិញ ហើយស្ដេចមានរាជឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាវិលមកវិញដូច្នេះ?»។
6. ពួកគេទូលថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅទូលស្ដេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកចាត់គេឲ្យទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។
7. ស្ដេចសួរអ្នកនាំសារថា៖ «តើបុរសដែល មកជួបអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងដូចម្ដេច?»។
8. ពួកគេទូលស្ដេចថា៖ «បុរសនោះស្លៀកសម្លៀកបំពាក់ធ្វើពីរោមសត្វ ហើយពាក់ខ្សែក្រវាត់ធ្វើពីស្បែកនៅចង្កេះផង»។ ពេលនោះ ស្ដេចក៏មានរាជឱង្ការថា៖ «គឺពិតជាអេលីយ៉ា អ្នកស្រុកធេសប៊ី!»
9. ស្ដេចក៏ចាត់មេកងម្នាក់ឲ្យនាំពលទាហានហាសិបនាក់ ទៅរកចាប់លោកអេលីយ៉ា។ គេនាំគ្នាឡើងទៅរកចាប់លោកអេលីយ៉ា ដែលកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរចុះមក! នេះជាបញ្ជារបស់ព្រះរាជា»។
10. លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់មេកងនោះថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃ មកឆេះលោក និងពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។
11. ស្ដេចចាត់មេទ័ពម្នាក់ទៀតឲ្យនាំពលទាហានហាសិបនាក់ទៅរកចាប់លោកអេលីយ៉ា។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរប្រញាប់ចុះមក! នេះជាបញ្ជារបស់ព្រះរាជា!»។
12. លោកអេលីយ៉ាមានប្រសាសន៍មកពួកគេថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃ មកឆេះលោក និងពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។
13. ស្ដេចចាត់មេកងទីបីឲ្យនាំពលទាហានហាសិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំ គាត់លុតជង្គង់នៅមុខលោកអេលីយ៉ា រួចអង្វរថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទ និងពលទាហានទាំងហាសិបនាក់នេះផង។
14. មានភ្លើងធ្លាក់ពីលើមេឃមកឆេះមេកងទាំងពីរ និងពលទាហានរបស់ពួកគេដែលមកមុនៗនោះអស់ហើយ ឥឡូវនេះ សូមអាណិតមេត្តាទុកជីវិតឲ្យខ្ញុំប្របាទផង!»។
15. ទេវតា*របស់ព្រះអម្ចាស់ប្រាប់លោកអេលីយ៉ាថា៖ «ចូរទៅជាមួយគេចុះ កុំភ័យខ្លាចឡើយ!»។ លោកអេលីយ៉ាក្រោកឡើង ហើយទៅជាមួយគេ ចូលគាល់ស្ដេច
16. ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ដោយអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រាអែលគ្មានព្រះដែលគេអាចសួរបាន។ ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។
17. ព្រះបាទអហាស៊ីយ៉ាសោយទិវង្គតស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោកអេលីយ៉ាបានថ្លែង។ ព្រះបាទអហាស៊ីយ៉ាគ្មានបុត្រទេ ដូច្នេះ ព្រះបាទយ៉ូរ៉ាម ជាអនុជ ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្ដេចស្រុកយូដា។