1. ក្រោយពីព្រះបាទអហាប់សោយទិវង្គត ជនជាតិម៉ូអាប់បានបះបោរប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
2. ថ្ងៃមួយ ព្រះបាទអហាស៊ីយ៉ាបានធ្លាក់ពីរានហាលបន្ទប់ជាន់លើបំផុតនៃព្រះដំណាក់នៅក្រុងសាម៉ារី ហើយមានរបួសជាទម្ងន់។ ស្ដេចបានចាត់អ្នកនាំសារឲ្យទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ដើម្បីចង់ដឹងថា តើទ្រង់អាចជាសះស្បើយពីរបួសនេះឬទេ?
3. ពេលនោះ ទេវតារបស់ព្រះអម្ចាស់ ថ្លែងទៅកាន់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ទៅជួបអ្នកនាំសាររបស់ស្ដេចក្រុងសាម៉ារី ហើយសួរថា “តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកនាំគ្នាទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?”
4. ហេតុនេះហើយព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។ លោកអេលីយ៉ាក៏ចាកចេញទៅ។
5. ពួកអ្នកនាំសារវិលមកគាល់ស្ដេចវិញ ហើយស្ដេចមានរាជឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាវិលមកវិញដូច្នេះ?»។
6. ពួកគេទូលថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅទូលស្ដេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកចាត់គេឲ្យទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។
7. ស្ដេចសួរអ្នកនាំសារថា៖ «តើបុរសដែល មកជួបអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងដូចម្ដេច?»។
8. ពួកគេទូលស្ដេចថា៖ «បុរសនោះស្លៀកសម្លៀកបំពាក់ធ្វើពីរោមសត្វ ហើយពាក់ខ្សែក្រវាត់ធ្វើពីស្បែកនៅចង្កេះផង»។ ពេលនោះ ស្ដេចក៏មានរាជឱង្ការថា៖ «គឺពិតជាអេលីយ៉ា អ្នកស្រុកធេសប៊ី!»
9. ស្ដេចក៏ចាត់មេកងម្នាក់ឲ្យនាំពលទាហានហាសិបនាក់ ទៅរកចាប់លោកអេលីយ៉ា។ គេនាំគ្នាឡើងទៅរកចាប់លោកអេលីយ៉ា ដែលកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរចុះមក! នេះជាបញ្ជារបស់ព្រះរាជា»។
10. លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់មេកងនោះថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃ មកឆេះលោក និងពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។