2. ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេឲ្យដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និងបង្រៀនគេ ដោយចិត្តអត់ធ្មត់គ្រប់ចំពូក
3. ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្តរបស់គេ គ្រាន់តែឲ្យពីរោះត្រចៀកប៉ុណ្ណោះ។
4. គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ។
5. ចំពោះអ្នក អ្នកត្រូវមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងបំពេញមុខងាររបស់ខ្លួនឲ្យបានល្អប្រសើរផង។
6. រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។
7. ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។
8. ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ទ្រង់មិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។
9. ចូរលៃលកទៅរកខ្ញុំជាប្រញាប់។
10. លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទា។
11. មានតែលោកលូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។
12. ខ្ញុំបានចាត់លោកទីឃីកុសឲ្យទៅក្រុងអេភេសូ។
13. ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការប៉ុសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេសក្រាំងស្បែក។
14. លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះជាមិនខាន។