13. ប្រសិនបើយើងមិនស្មោះត្រង់ព្រះអង្គនៅតែស្មោះត្រង់ដដែលដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ។
14. អ្នកត្រូវរំឭកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ឲ្យគេចៀសវាងឈ្លោះប្រកែកគ្នាអំពីពាក្យពេចន៍ ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្តរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។
15. ចូរខំប្រឹងធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចូលជិតព្រះអង្គ ក្នុងឋានៈជាកម្មករ ដែលគ្មានអ្វីនាំឲ្យអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
16. ត្រូវចៀសវាងពាក្យព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្តពាក្យព្រោកប្រាជ្ញបែបនេះ តែងតែឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។
17. ពាក្យសម្ដីរបស់ពួកគេប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេណាស និងភីលេត។
18. អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញរួចហើយ គេក៏បានបង្វែរបងប្អូនខ្លះឲ្យលះបង់ជំនឿ។
19. ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលព្រះជាម្ចាស់បានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសម្គាល់ថា: «ព្រះអម្ចាស់ស្គាល់កូនចៅរបស់ព្រះអង្គ» ហើយ «អ្នកណាប្រកាសថាខ្លួនគោរព ព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវតែងាកចេញ ឲ្យផុតពីអំពើទុច្ចរិត» ។
20. នៅក្នុងផ្ទះមួយដ៏ធំមិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និងធ្វើពីដីដែរ មួយផ្នែកសម្រាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀតសម្រាប់ប្រើប្រាស់ជាធម្មតា។
21. ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជម្រះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ ព្រះជាម្ចាស់នឹងប្រើអ្នកនោះទុកដូចជាឧបករណ៍វិសេស វិសុទ្ធ*មានប្រយោជន៍ដល់ម្ចាស់ និងប្រើប្រាស់ សម្រាប់ធ្វើអំពើល្អគ្រប់យ៉ាង។
22. ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលគោរពព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ*នោះវិញ។