9. ត្រង់នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនឹងឲ្យគេផ្គត់ផ្គង់នោះឡើយ ប៉ុន្តែ យើងធ្វើដូច្នេះទុកជាគំរូឲ្យបងប្អូនយកតម្រាប់តាម
10. ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។
11. យើងបានឮដំណឹងថា មានអ្នកខ្លះក្នុងចំណោមបងប្អូន រស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។
12. យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រិស្ដថា សូមអញ្ជើញធ្វើការឲ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសខ្លួនឯងទៅ។
13. ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្តអំពើល្អ កុំរសាយចិត្តឡើយ។
14. បើអ្នកណាមិនស្ដាប់តាមសេចក្ដីដែលយើងសរសេរក្នុងសំបុត្រនេះទេ សូមចំណាំមុខទុក ហើយកុំទាក់ទងជាមួយអ្នកនោះ ដើម្បីឲ្យគាត់ខ្មាសគេ
15. ប៉ុន្តែ មិនត្រូវចាត់ទុកគាត់ជាមារសត្រូវឡើយ គឺត្រូវដាស់តឿនគាត់ទុកដូចជាបងប្អូនវិញ។
16. សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា!