5. កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ?
6. ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះហើយ វាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។
7. គម្រោងការលាក់កំបាំងរបស់មេប្រឆាំងសាសនានោះ មានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ
8. វានឹងចេញមុខមក ហើយព្រះអម្ចាស់យេស៊ូនឹងបំផ្លាញវាដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ រួចហើយ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងជាន់កម្ទេចវា ដោយរស្មីរុងរឿងរបស់ព្រះអង្គ។
9. រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចមារ*សាតាំង គឺវាសម្តែងការអស្ចារ្យ ទីសម្គាល់ និងឫទ្ធិបាដិហារិយ៍បោកប្រាស់សព្វបែបយ៉ាង។
10. វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្តរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។
11. ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឥទ្ធិពលមួយមកធ្វើឲ្យគេវង្វេង និងឲ្យគេជឿលើពាក្យភូតភរ
12. ដើម្បីឲ្យពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្តអំពើទុច្ចរិត ត្រូវទទួលទោស។
13. ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ* និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
14. ព្រះអង្គត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះនេះ គឺឲ្យមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។
15. ហេតុនេះ បងប្អូនអើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូន ដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី។
16. ព្រះជាម្ចាស់ ជាព្រះបិតានៃយើង មានព្រះហឫទ័យស្រឡាញ់យើង ព្រះអង្គបានសម្រាលទុក្ខយើងអស់កល្បជានិច្ច ដោយសារព្រះគុណ ហើយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រិស្ដផ្ទាល់ជាព្រះអម្ចាស់នៃយើង និងព្រះបិតា
17. សម្រាលទុក្ខបងប្អូន ព្រមទាំងប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និងពាក្យសម្ដីល្អដែលបងប្អូននិយាយ។