1. យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំនុំ*នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតានៃយើង និងរួមជាមួយព្រះអម្ចាស់យេស៊ូគ្រិស្ដ*។
2. សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
3. បងប្អូនអើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចម្រើនឡើង ហើយបងប្អូនក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមករឹតតែខ្លាំងឡើងៗដែរ។
4. ដូច្នេះ យើងបានខ្ពស់មុខនៅចំពោះក្រុមជំនុំ*នានារបស់ព្រះជាម្ចាស់ ព្រោះតែបងប្អូន ដ្បិតបងប្អូនចេះស៊ូទ្រាំ និងមានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀតបៀន និងត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។