1. ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏វិសុទ្ធនោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបងប្អូនទេ
2. ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្តខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្តស្ទុះស្ទាឡើង។
3. ខ្ញុំបានចាត់ពួកបងប្អូនខ្លះមក ដើម្បីឲ្យឃើញថាពាក្យដែលយើងនិយាយសរសើរពីបងប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបងប្អូនពិតជារៀបចំខ្លួនជាស្រេចដូចខ្ញុំនិយាយមែន។
4. ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេ ដែលត្រូវអាម៉ាស់មុខ បងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្តលើបងប្អូនខ្លាំងពេក។
5. ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះ ឲ្យបានរួចរាល់។ ការនេះសឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្តទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។
6. សូមចងចាំថា អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ។
7. ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ត ដោយមិននឹកស្ដាយ ឬទើសទ័លឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកណាដែលធ្វើអំណោយដោយចិត្តរីករាយ។
8. ព្រះអង្គអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូណ៌សម្រាប់ចែកទានផង
9. ដូចមានចែងទុកមកថា: «ព្រះអង្គចែក ព្រះអង្គប្រទានឲ្យអ្នកក្រ សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរ រហូតតរៀងទៅ»។
10. ព្រះអង្គដែល«ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឲ្យគេផងនោះ» ទ្រង់ក៏ផ្គត់ផ្គង់គ្រាប់ពូជឲ្យបងប្អូន និងឲ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិតរបស់បងប្អូន បង្កើតផលបានច្រើនឡើងថែមទៀត។
11. ព្រះអង្គនឹងធ្វើឲ្យបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីឲ្យបងប្អូនមានចិត្តសទ្ធាជ្រះថ្លាគ្រប់ជំពូក និងឲ្យអ្នកឯទៀតៗអរព្រះគុណព្រះជាម្ចាស់ ដោយយើងជួយគេ
12. ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។