11. ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរតាមសមត្ថភាព ដែលបងប្អូនមានយ៉ាងនោះដែរ។
12. កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។
13. ក៏ប៉ុន្តែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។
14. ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា
15. ដូចមានសេចក្ដីចែងទុកមកថា: «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្តិចបន្តួចក៏មិនខ្វះខាតអ្វីដែរ»។
16. សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រោសប្រទានឲ្យលោកទីតុសមានចិត្តខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ
17. ដ្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើង ហើយលើសពីនេះ គាត់ក៏មានចិត្តខ្នះខ្នែងសម្រេចចិត្តដោយខ្លួនឯងធ្វើដំណើរមករកបងប្អូន។
18. យើងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់ គឺបងប្អូនម្នាក់ដែលក្រុមជំនុំ*ទាំងអស់កោតសរសើរ ក្នុងការផ្សព្វផ្សាយដំណឹងល្អ*។
19. មិនតែប៉ុណ្ណោះសោត ក្រុមជំនុំបានជ្រើសរើសគាត់ឲ្យរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលតង្វាយនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ និងដើម្បីសម្តែងឆន្ទៈល្អរបស់យើងដែរ។