1. បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីព្រះគុណ ដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំ*នានា នៅស្រុកម៉ាសេដូន
2. គឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្តសទ្ធាជ្រះថ្លាដ៏លើសលប់ដែរ។
3. បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពីសមត្ថភាព និងដោយស្ម័គ្រអស់ពីចិត្តទៀតផង។
4. ពួកគេបានទទូចសុំយើង មេត្តាអនុញ្ញាតឲ្យគេចូលរួមបម្រើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏វិសុទ្ធ។
5. គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេថ្វាយខ្លួនទៅព្រះអម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបម្រើយើង ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។
6. ហេតុនេះហើយបានជាយើងអង្វរលោកទីតុស ឲ្យមកបង្ហើយការប្រមូលតង្វាយនេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។
7. បងប្អូនបានចម្រើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មានចំណេះ មានចិត្តខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្តស្រឡាញ់យើងផង។ ហេតុនេះ ចំពោះការប្រមូលតង្វាយ ចូរចម្រើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។
8. ខ្ញុំនិយាយបែបនេះ មិនមែនបញ្ជាបងប្អូនទេ គឺខ្ញុំគ្រាន់តែចង់ស្ទង់មើលចិត្តស្រឡាញ់ដ៏ស្មោះរបស់បងប្អូន ដោយនិយាយអំពីការខ្នះខ្នែងរបស់អ្នកឯទៀតៗប៉ុណ្ណោះ
9. ដ្បិតបងប្អូនស្គាល់ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ*ស្រាប់ហើយ គឺព្រះអង្គមានសម្បត្តិដ៏ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។
10. ត្រង់នេះ ខ្ញុំគ្រាន់តែជូនយោបល់បងប្អូនប៉ុណ្ណោះ។ គួរគប្បីបង្ហើយកិច្ចការដែលបងប្អូនបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំទៅ។ បងប្អូនមិនត្រឹមតែបានចាប់ផ្ដើមធ្វើមុនគេប៉ុណ្ណោះទេ គឺថែមទាំងបានផ្ដើមគំនិតទៀតផង។
11. ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរតាមសមត្ថភាព ដែលបងប្អូនមានយ៉ាងនោះដែរ។
12. កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។
13. ក៏ប៉ុន្តែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។
14. ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា
15. ដូចមានសេចក្ដីចែងទុកមកថា: «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្តិចបន្តួចក៏មិនខ្វះខាតអ្វីដែរ»។