1. ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលព្រះគុណរបស់ព្រះអង្គ យកមកទុកចោលជាអសារឥតការឡើយ
2. ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក »។គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក!
3. យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។
4. ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំង ដោយជួបនឹងទុក្ខលំបាកខ្វះខាត ភ័យបារម្ភ
5. គេវាយដំយើង គេឃុំឃាំងយើង គេលើកគ្នាមកប្រឆាំងនឹងយើង។ យើងធ្វើការធ្ងន់ អត់ងងុយ អត់អាហារ។
6. យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដោយមានចិត្តបរិសុទ្ធ* ដោយស្គាល់ព្រះជាម្ចាស់ ដោយមានចិត្តអត់ធ្មត់ ចិត្តសប្បុរស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ដោយមានចិត្តស្រឡាញ់ឥតពុតត្បុត
7. ដោយប្រកាសសេចក្ដីពិត ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ យើងយកសេចក្ដីសុចរិត*ធ្វើជាអាវុធវាយប្រយុទ្ធ និងការពារ
8. ទាំងទ្រាំទ្រ នៅពេលគេគោរពយើងក្ដី បន្ទាបបន្ថោកយើងក្ដី នៅពេលគេនិយាយអាក្រក់ ឬនិយាយល្អពីយើងក្ដី។ គេចាត់ទុកយើងថាជាជនបោកប្រាស់ តែយើងជាមនុស្សទៀងត្រង់។
9. គេចាត់ទុកយើងដូចជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើង តែយើងគ្មានទោសដល់ស្លាប់ទេ។