២ កូរិន‌ថូស 5:1-10 Khmer Standard Version (KHSV)

1. យើង​ដឹង​ហើយ​ថា រូប​កាយ​របស់​យើង​នៅ​លើ​ផែន‌ដី​នេះ​ប្រៀប​ដូច​ជា​ជម្រក​មួយ​ដែល​ត្រូវ​រលាយ​សូន្យ​ទៅ តែ​យើង​មាន​វិមាន​មួយ​នៅ​ស្ថាន​បរម‌សុខ* ជា​លំ‌នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដែល​ពុំ​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​ឡើយ គឺ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់។

2. ឥឡូវ​នេះ យើង​តែងតែ​ត្អូញ‌ត្អែរ​សង្វាត​ចង់​បាន​រូប​កាយ​សួគ៌​មក​គ្រប​ពី​លើ​រូប​កាយ​នេះ​ថែម​ទៀត

3. គឺ​ឲ្យ​តែ​យើង​បាន​រូប​កាយ​ថ្មី ប្រសើរ​ជា​ជាង​គ្មាន។

4. ពេល​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ យើង​តែងតែ​ត្អូញ‌ត្អែរ និង​ពិបាក​ចិត្ត។ យើង​មិន​ចង់​ដោះ​រូប​កាយ​នេះ​ចោល​ទេ គឺ​ចង់​ពាក់​រូប​កាយ​ថ្មី​ពី​លើ​ថែម​ទៀត ដើម្បី​ឲ្យ​ជីវិត​លេប​បំបាត់​នូវ​អ្វីៗ​ដែល​តែងតែ​ស្លាប់​នេះ។

5. ព្រះ‌ជាម្ចាស់​ផ្ទាល់​បាន​តម្រូវ​ឲ្យ​យើង​ផ្លាស់​ប្រែ​ដូច្នេះ ព្រះ‌អង្គ​ក៏​បាន​ប្រទាន​ព្រះ‌វិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។

6. ដូច្នេះ យើង​មាន​ចិត្ត​ក្លា‌ហាន​ជា‌និច្ច។ យើង​ដឹង​ថា ដរាប​ណា​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់

7. ដ្បិត​យើង​ដើរ​ដោយ​មាន​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​នោះ​ទេ។

8. យើង​មាន​ចិត្ត​ក្លា‌ហាន យើង​ចូល​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ ហើយ​ទៅ​នៅ​ជិត​ព្រះ‌អម្ចាស់​ប្រសើរ​ជាង។

9. ទោះ​បី​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្ដី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ

10. ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ទៅ​ឈរ​នៅ​មុខ​ទី​កាត់​ក្ដី​របស់​ព្រះ‌គ្រិស្ដ ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​ពី​នៅ​រស់​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ទោះ​បី​ជា​អំពើ​នោះ​ល្អ ឬ​អាក្រក់​ក្ដី។

២ កូរិន‌ថូស 5