1. បើព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា ប្រគល់មុខងារនេះមកឲ្យយើងបំពេញ យើងមិនបាក់ទឹកចិត្តឡើយ។
2. យើងបដិសេធមិនប្រព្រឹត្តការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្តលើយើង នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។
3. ប្រសិនបើអត្ថន័យនៃដំណឹងល្អ*នៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្តរាយប៉ុណ្ណោះ
4. ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្តគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អរបស់ព្រះគ្រិស្ដ ជាតំណាង របស់ព្រះជាម្ចាស់នោះឡើយ។
5. យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ។
6. ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភ័ក្ត្ររបស់ព្រះគ្រិស្ដដែរ។
7. យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។
8. គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច
9. គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។
10. ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។
11. ព្រោះតែព្រះយេស៊ូ យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង ដែលតែងតែស្លាប់។
12. ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចម្រើនឡើង។
13. ដោយយើងមានវិញ្ញាណដែលនាំឲ្យជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។
14. យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។
15. ហេតុការណ៍ទាំងនេះកើតឡើងជាប្រយោជន៍ដល់បងប្អូន គឺឲ្យព្រះគុណបានចម្រើនកាន់តែច្រើនឡើងៗ ដើម្បីឲ្យមានគ្នាមួយចំនួនធំ អរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
16. ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើងកាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ
17. ដ្បិតទុក្ខលំបាកបន្តិចបន្តួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។