9. ក៏ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យឫទ្ធានុភាពរបស់ព្រះគ្រិស្ដមកសណ្ឋិតលើខ្ញុំ។
10. ហេតុនេះ ព្រោះតែព្រះគ្រិស្ដ ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយ នៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។
11. ខ្ញុំនិយាយដូច្នេះ ដូចជាមនុស្សលេលាហើយ គឺមកពីបងប្អូនបង្ខំខ្ញុំ ដ្បិតបងប្អូនហ្នឹងហើយដែលត្រូវគាំទ្រខ្ញុំ ទោះបីខ្ញុំជាមនុស្សឥតបានការក្ដី ក៏ខ្ញុំមិនអន់ជាងមហាសាវ័កទាំងនោះដែរ។
12. មានសញ្ញាសម្គាល់ផ្សេងៗដែលបញ្ជាក់ថា ខ្ញុំជាសាវ័កបានកើតឡើងក្នុងចំណោមបងប្អូន គឺមានការអត់ធ្មត់គ្រប់យ៉ាង មានទីសម្គាល់ ឫទ្ធិបាដិហារិយ៍ និងការអស្ចារ្យផ្សេងៗ។
13. បងប្អូនមិនបានទទួលអ្វីតិចជាងក្រុមជំនុំឯទៀតៗនោះឡើយ វៀរលែងតែខ្ញុំមិនដែលបានធ្វើជាបន្ទុកដល់បងប្អូនប៉ុណ្ណោះ សូមបងប្អូនអភ័យទោសឲ្យខ្ញុំចំពោះភាពអយុត្ដិធម៌នេះផង។
14. ឥឡូវនេះ ខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមករកបងប្អូនជាលើកទីបី ប៉ុន្តែ ខ្ញុំមិនធ្វើជាបន្ទុកដល់បងប្អូនទេ ព្រោះខ្ញុំមក មិនមែនប្រាថ្នាចង់បានសម្បត្តិរបស់បងប្អូនឡើយ គឺចង់បានបងប្អូនផ្ទាល់តែម្ដង។ ធម្មតា កូនចៅមិនដែលប្រមូលសម្បត្តិជូនឪពុកម្ដាយទេ គឺឪពុកម្ដាយវិញទេតើ ដែលប្រមូលសម្បត្តិទុកឲ្យកូន!
15. ចំពោះខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយខ្ញុំក៏ចំណាយខ្លួនខ្ញុំថែមទៀត ដើម្បីជាប្រយោជន៍ដល់ជីវិតបងប្អូនដែរ។ បើខ្ញុំស្រឡាញ់បងប្អូនខ្លាំងយ៉ាងហ្នឹងទៅហើយ តើបងប្អូនស្រឡាញ់ខ្ញុំតិចជាងឬ?