1. តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលព្រះអម្ចាស់បានប្រោសឲ្យខ្ញុំនិមិត្តឃើញ និងសម្តែងឲ្យខ្ញុំដឹង។
2. ខ្ញុំស្គាល់បុរសម្នាក់ដែលជឿព្រះគ្រិស្ដ* កាលពីដប់បួនឆ្នាំមុន ព្រះអម្ចាស់បានលើកគាត់ឡើងទៅដល់ស្ថានសួគ៌ជាន់ទីបី (ប៉ុន្តែ ខ្ញុំមិនដឹងថា រូបកាយគាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។
3. ខ្ញុំក៏ដឹងថា ព្រះអម្ចាស់លើកបុរសនោះទៅដល់ស្ថានបរមសុខ* (ប៉ុន្តែ ខ្ញុំមិនដឹងថារូបកាយរបស់គាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។
4. គាត់បានឮព្រះបន្ទូលដ៏អស្ចារ្យរកថ្លែងពុំបាន ដែលគ្មានមនុស្សណាមានសិទ្ធិនឹងនិយាយឡើងវិញបានទេ។
5. ខ្ញុំអួតតែពីបុរសនោះ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនខ្ញុំផ្ទាល់ឡើយ ខ្ញុំអួតតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។
6. ប្រសិនបើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្ដីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និងលើសពីពាក្យដែលខ្ញុំនិយាយ។
7. ព្រះជាម្ចាស់បានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលព្រះអង្គបានសម្តែងឲ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់មារ*សាតាំងមកធ្វើទារុណកម្មខ្ញុំ កុំឲ្យខ្ញុំអួតខ្លួនបានឡើយ។
8. ខ្ញុំបានអង្វរព្រះអម្ចាស់ចំនួនបីដង សូមទ្រង់មេត្តាដកយកបន្លានេះចេញពីរូបកាយខ្ញុំ។
9. ក៏ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យឫទ្ធានុភាពរបស់ព្រះគ្រិស្ដមកសណ្ឋិតលើខ្ញុំ។
10. ហេតុនេះ ព្រោះតែព្រះគ្រិស្ដ ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយ នៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។
11. ខ្ញុំនិយាយដូច្នេះ ដូចជាមនុស្សលេលាហើយ គឺមកពីបងប្អូនបង្ខំខ្ញុំ ដ្បិតបងប្អូនហ្នឹងហើយដែលត្រូវគាំទ្រខ្ញុំ ទោះបីខ្ញុំជាមនុស្សឥតបានការក្ដី ក៏ខ្ញុំមិនអន់ជាងមហាសាវ័កទាំងនោះដែរ។
12. មានសញ្ញាសម្គាល់ផ្សេងៗដែលបញ្ជាក់ថា ខ្ញុំជាសាវ័កបានកើតឡើងក្នុងចំណោមបងប្អូន គឺមានការអត់ធ្មត់គ្រប់យ៉ាង មានទីសម្គាល់ ឫទ្ធិបាដិហារិយ៍ និងការអស្ចារ្យផ្សេងៗ។
13. បងប្អូនមិនបានទទួលអ្វីតិចជាងក្រុមជំនុំឯទៀតៗនោះឡើយ វៀរលែងតែខ្ញុំមិនដែលបានធ្វើជាបន្ទុកដល់បងប្អូនប៉ុណ្ណោះ សូមបងប្អូនអភ័យទោសឲ្យខ្ញុំចំពោះភាពអយុត្ដិធម៌នេះផង។
14. ឥឡូវនេះ ខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមករកបងប្អូនជាលើកទីបី ប៉ុន្តែ ខ្ញុំមិនធ្វើជាបន្ទុកដល់បងប្អូនទេ ព្រោះខ្ញុំមក មិនមែនប្រាថ្នាចង់បានសម្បត្តិរបស់បងប្អូនឡើយ គឺចង់បានបងប្អូនផ្ទាល់តែម្ដង។ ធម្មតា កូនចៅមិនដែលប្រមូលសម្បត្តិជូនឪពុកម្ដាយទេ គឺឪពុកម្ដាយវិញទេតើ ដែលប្រមូលសម្បត្តិទុកឲ្យកូន!