18. ដោយមានមនុស្សជាច្រើនលើកខ្លួនតាមរបៀបលោកីយ៍ នោះខ្ញុំក៏អាចនឹងលើកខ្លួនឯងតាមរបៀបលោកីយ៍ដែរ!
19. បងប្អូនជាមនុស្សដឹងខុសត្រូវ តែបងប្អូនចេះទ្រាំទ្រនឹងមនុស្សលេលាបាន
20. គឺទ្រាំទ្រឲ្យគេជិះជាន់ កេងប្រវ័ញ្ច រឹបអូសយករបស់ទ្រព្យ ប្រមាថមាក់ងាយ និងឲ្យគេទះកំផ្លៀងផង។
21. ខ្ញុំសូមជម្រាបថា គួរឲ្យខ្មាសណាស់! យើងហាក់បីដូចជាទន់ខ្សោយពេក។ក៏ប៉ុន្តែ បើគេហ៊ានអះអាងត្រង់ចំណុចណាមួយ (ខ្ញុំនិយាយដូចជាមនុស្សលេលាមែន) ខ្ញុំក៏ហ៊ានត្រង់ចំណុចនោះដូចគេដែរ។
22. អ្នកទាំងនោះជាសាសន៍ហេប្រឺឬ? ខ្ញុំក៏ជាសាសន៍ហេប្រឺដែរ! អ្នកទាំងនោះជាសាសន៍អ៊ីស្រាអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រាអែលដែរ! អ្នកទាំងនោះជាពូជពង្សរបស់លោកអប្រាហាំឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកដែរ!
23. អ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះគ្រិស្ដ*ឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាងខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។
24. ខ្ញុំត្រូវជនជាតិយូដាវាយសាមសិបប្រាំបួនរំពាត់ចំនួនប្រាំដង។
25. គេវាយខ្ញុំនឹងដំបងចំនួនបីលើក គេយកដុំថ្មគប់សម្លាប់ខ្ញុំម្ដង ខ្ញុំត្រូវលិចសំពៅបីដង ហើយមានម្ដងខ្ញុំអណ្ដែតនៅក្នុងសមុទ្រមួយថ្ងៃមួយយប់។
26. ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ ព្រោះតែពួកបងប្អូនក្លែងក្លាយ។
27. ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។
28. លើសពីនេះទៅទៀត ខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំនុំទាំងអស់ផងដែរ!
29. ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ ប្រសិនបើមានអ្នកណាម្នាក់ឃ្លាតចេញពីជំនឿ ខ្ញុំឈឺចុកចាប់ណាស់!
30. ប្រសិនបើខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។
31. ព្រះជាម្ចាស់ដែលជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិននិយាយកុហកទេ (សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច!)។
32. កាលខ្ញុំនៅក្រុងដាម៉ាស លោកអភិបាលរបស់ស្ដេចអើរេតាសបានដាក់ទាហានឲ្យយាមទ្វារក្រុង ដើម្បីចាំចាប់ខ្ញុំ
33. ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងជាលមួយសម្រូតចុះតាមបង្អួចកំពែង ហើយខ្ញុំបានគេចផុតពីកណ្ដាប់ដៃលោក។