14. ត្រង់នេះ សូមកុំឆ្ងល់អ្វីឡើយ សូម្បីតែមារ*សាតាំងផ្ទាល់ក៏បានក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។
15. ដូច្នេះ បើពួកអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្ដីសុចរិតនោះ គ្មានអ្វីចម្លែកសោះឡើយ។ អ្នកទាំងនោះនឹងវិនាស ស្របតាមអំពើដែលខ្លួនបានប្រព្រឹត្តជាមិនខាន។
16. ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា កុំឲ្យនរណាម្នាក់យល់ថាខ្ញុំជាមនុស្សលេលាឡើយ ឬមួយទុកឲ្យខ្ញុំលេលាទៅចុះ ដើម្បីឲ្យខ្ញុំអាចអួតខ្លួនបន្តិចដែរ។
17. សេចក្ដីដែលខ្ញុំនិយាយនេះ ខ្ញុំមិននិយាយស្របតាមព្រះអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាមនុស្សលេលាវិញ ដោយយល់ឃើញថា ខ្ញុំមានហេតុនឹងអួតខ្លួនប្រាកដមែន។
18. ដោយមានមនុស្សជាច្រើនលើកខ្លួនតាមរបៀបលោកីយ៍ នោះខ្ញុំក៏អាចនឹងលើកខ្លួនឯងតាមរបៀបលោកីយ៍ដែរ!
19. បងប្អូនជាមនុស្សដឹងខុសត្រូវ តែបងប្អូនចេះទ្រាំទ្រនឹងមនុស្សលេលាបាន
20. គឺទ្រាំទ្រឲ្យគេជិះជាន់ កេងប្រវ័ញ្ច រឹបអូសយករបស់ទ្រព្យ ប្រមាថមាក់ងាយ និងឲ្យគេទះកំផ្លៀងផង។
21. ខ្ញុំសូមជម្រាបថា គួរឲ្យខ្មាសណាស់! យើងហាក់បីដូចជាទន់ខ្សោយពេក។ក៏ប៉ុន្តែ បើគេហ៊ានអះអាងត្រង់ចំណុចណាមួយ (ខ្ញុំនិយាយដូចជាមនុស្សលេលាមែន) ខ្ញុំក៏ហ៊ានត្រង់ចំណុចនោះដូចគេដែរ។
22. អ្នកទាំងនោះជាសាសន៍ហេប្រឺឬ? ខ្ញុំក៏ជាសាសន៍ហេប្រឺដែរ! អ្នកទាំងនោះជាសាសន៍អ៊ីស្រាអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រាអែលដែរ! អ្នកទាំងនោះជាពូជពង្សរបស់លោកអប្រាហាំឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកដែរ!
23. អ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះគ្រិស្ដ*ឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាងខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។
24. ខ្ញុំត្រូវជនជាតិយូដាវាយសាមសិបប្រាំបួនរំពាត់ចំនួនប្រាំដង។
25. គេវាយខ្ញុំនឹងដំបងចំនួនបីលើក គេយកដុំថ្មគប់សម្លាប់ខ្ញុំម្ដង ខ្ញុំត្រូវលិចសំពៅបីដង ហើយមានម្ដងខ្ញុំអណ្ដែតនៅក្នុងសមុទ្រមួយថ្ងៃមួយយប់។
26. ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ ព្រោះតែពួកបងប្អូនក្លែងក្លាយ។