7. សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់ព្រះគ្រិស្ដ អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់ព្រះគ្រិស្ដ យើងក៏ជាកូនចៅរបស់ព្រះអង្គដូចគាត់ដែរ។
8. ព្រះអម្ចាស់ប្រទានអំណាចឲ្យយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្តិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។
9. ខ្ញុំមិនចង់ឲ្យបងប្អូនស្មានថា ខ្ញុំមានបំណងបំភ័យបងប្អូន តាមសំបុត្រទាំងនេះឡើយ
10. ដ្បិតមានគេថា «ពាក្យក្នុងសំបុត្ររបស់ប៉ូលធ្ងន់ៗណាស់ ហើយក៏តឹងរ៉ឹងផង តែពេលគាត់នៅទីនេះ គាត់មិនហ៊ានធ្វើអ្វីនរណាទេ ហើយក៏គ្មានវោហារអ្វីដែរ»។
11. អ្នកដែលនិយាយដូច្នេះ ត្រូវគិតថាពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្តបែបនោះដែរ។
12. យើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះដែលតែងតាំងខ្លួនឯង ឬក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់សម្រាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ!
13. រីឯយើងវិញ យើងមិនអួតខ្លួនហួសកម្រិតទេ គឺយើងធ្វើតាមកម្រិតនៃព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុក ដោយប្រទានឲ្យយើងបានមកដល់ស្រុកបងប្អូននេះ។
14. បងប្អូនស្ថិតនៅក្នុងព្រំដែន ដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង ដូច្នេះ នៅពេលយើងបានមកដល់ទីនេះមុនគេ ដើម្បីនាំដំណឹងល្អរបស់ព្រះគ្រិស្ដ យើងមិនធ្វើអ្វីហួសកំណត់ព្រំដែននេះទេ។
15. យើងមិនអួតខ្លួនហួសកម្រិត គឺមិនអួតអំពីកិច្ចការដែលអ្នកដទៃបានធ្វើនោះឡើយ។ យើងសង្ឃឹមថា ជំនឿរបស់បងប្អូននឹងចម្រើនឡើង ហើយយើងអាចនឹងបំពេញកិច្ចការកាន់តែប្រសើរឡើងថែមទៀតក្នុងចំណោមបងប្អូន តាមព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង។
16. បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានា នៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។
17. អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ។
18. អ្នកដែលគួរឲ្យគេទុកចិត្ត មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលព្រះអម្ចាស់តែងតាំងនោះវិញ។