2. ខ្ញុំសូមអង្វរបងប្អូនថា កុំបង្ខំចិត្តខ្ញុំឲ្យបែរទៅជាតឹងតែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្តរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។
3. ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ
4. ដ្បិតគ្រឿងសស្ត្រាវុធដែលយើងប្រើ មិនមែនជាអាវុធខាងរបស់មនុស្សទេ គឺជាអាវុធដ៏មានឫទ្ធានុភាពមកពីព្រះជាម្ចាស់ ដែលអាចរំលំកំពែងបន្ទាយនានា។ យើងរំលំការរិះគិត
5. និងគំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់ព្រះជាម្ចាស់។ យើងកៀរប្រមូលចិត្តគំនិតឲ្យមកស្ដាប់បង្គាប់ព្រះគ្រិស្ដវិញ។
6. នៅពេលណាបងប្អូនស្ដាប់បង្គាប់ទាំងស្រុងហើយនោះ យើងក៏ប្រុងប្រៀបខ្លួនដាក់ទោសអស់អ្នកដែលមិនស្ដាប់បង្គាប់ដែរ។
7. សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់ព្រះគ្រិស្ដ អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់ព្រះគ្រិស្ដ យើងក៏ជាកូនចៅរបស់ព្រះអង្គដូចគាត់ដែរ។
8. ព្រះអម្ចាស់ប្រទានអំណាចឲ្យយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្តិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។
9. ខ្ញុំមិនចង់ឲ្យបងប្អូនស្មានថា ខ្ញុំមានបំណងបំភ័យបងប្អូន តាមសំបុត្រទាំងនេះឡើយ
10. ដ្បិតមានគេថា «ពាក្យក្នុងសំបុត្ររបស់ប៉ូលធ្ងន់ៗណាស់ ហើយក៏តឹងរ៉ឹងផង តែពេលគាត់នៅទីនេះ គាត់មិនហ៊ានធ្វើអ្វីនរណាទេ ហើយក៏គ្មានវោហារអ្វីដែរ»។
11. អ្នកដែលនិយាយដូច្នេះ ត្រូវគិតថាពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្តបែបនោះដែរ។
12. យើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះដែលតែងតាំងខ្លួនឯង ឬក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់សម្រាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ!
13. រីឯយើងវិញ យើងមិនអួតខ្លួនហួសកម្រិតទេ គឺយើងធ្វើតាមកម្រិតនៃព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុក ដោយប្រទានឲ្យយើងបានមកដល់ស្រុកបងប្អូននេះ។