12. សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្តចំពោះបងប្អូនដោយចិត្តស្មោះសរ និងដោយសុទ្ធចិត្តចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយ ដែលធ្វើឲ្យយើងបានខ្ពស់មុខ។
13. យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និងយល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន
14. ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើឲ្យបងប្អូនខ្ពស់មុខ ហើយបងប្អូនក៏នឹងធ្វើឲ្យយើងខ្ពស់មុខ នៅថ្ងៃព្រះអម្ចាស់យេស៊ូនៃយើងទ្រង់យាងមកនោះដែរ។
15. ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីឲ្យព្រះជាម្ចាស់ប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។
16. បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្តដំណើរទៅស្រុកយូដាទៀត។
17. ខ្ញុំសម្រេចចិត្តធ្វើដូច្នេះ តើខ្ញុំសម្រេចដោយឥតបើគិតឬ? ឬមួយគម្រោងការរបស់ខ្ញុំកើតមកពីគំនិតលោកីយ៍ បានជាខ្ញុំនិយាយបាតដៃជាខ្នងដៃដូច្នេះ?
18. មានព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយ យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួលបាតដៃជាខ្នងដៃនោះទេ
19. ដ្បិតព្រះគ្រិស្ដយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និងលោកធីម៉ូថេ ប្រកាសក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។
20. ព្រះគ្រិស្ដបានធ្វើឲ្យព្រះបន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសម្រេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយបានជាយើងពោលពាក្យ«អាម៉ែន*»ទៅកាន់ព្រះជាម្ចាស់ តាមរយៈព្រះគ្រិស្ដ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
21. គឺព្រះជាម្ចាស់ហើយ ដែលប្រទានឲ្យយើង និងបងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រិស្ដ ព្រមទាំងបានចាក់ប្រេងលើយើងផង
22. ហើយព្រះអង្គក៏បានដៅសញ្ញាសម្គាល់របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ។
23. ខ្ញុំសូមជម្រាបបងប្អូន ដោយមានព្រះជាម្ចាស់ជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេ សូមព្រះអង្គផ្ដាច់ជីវិតខ្ញុំចុះ)។
24. យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរតែប៉ុណ្ណោះ។