1. ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ក*របស់ព្រះគ្រិស្ដយេស៊ូ ខ្ញុំ និងលោកធីម៉ូថេ សូមជម្រាបមកក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស និងជម្រាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ នៅស្រុកអាខៃទាំងមូល។
2. សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!
3. សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើង។ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា និងជាព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។
4. ព្រះអង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសម្រាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់ប្រទានឲ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។
5. យើងរួមទុក្ខលំបាកផ្សេងៗជាមួយព្រះគ្រិស្ដកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈព្រះគ្រិស្ដកាន់តែច្រើនយ៉ាងនោះដែរ។
6. បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីឲ្យព្រះអង្គសម្រាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្តហើយនោះ គឺដើម្បីឲ្យបងប្អូនបានធូរស្បើយក្នុងចិត្ត ធ្វើឲ្យបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។
7. ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំដោយដឹងថា បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ។
8. បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់អំពីទុក្ខវេទនា ដែលកើតមានដល់យើង នៅស្រុកអាស៊ីនេះ។ យើងបានរងទុក្ខយ៉ាងខ្លាំងហួសពីកម្លាំងដែលយើងអាចទ្រាំបាន រហូតដល់យើងអស់សង្ឃឹមថានឹងរស់រានមានជីវិតតទៅមុខទៀតផង។
9. យើងនឹកក្នុងចិត្តថា គេនឹងដាក់ទោសយើងដល់ស្លាប់។ រឿងនេះកើតឡើង ដើម្បីកុំឲ្យយើងពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។