២ កូរិន‌ថូស 1:1-15 Khmer Standard Version (KHSV)

1. ខ្ញុំ ប៉ូល ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ជា​សាវ័ក*​របស់​ព្រះ‌គ្រិស្ដ‌យេស៊ូ ខ្ញុំ និង​លោក​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិនថូស និង​ជម្រាប​មក​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ទាំង​អស់ នៅ​ស្រុក​អាខៃ​ទាំង​មូល។

2. សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន!

3. សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង។ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ជា​ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។

4. ព្រះ‌អង្គ​សម្រាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។

5. យើង​រួម​ទុក្ខ​លំបាក​ផ្សេងៗ​ជា​មួយ​ព្រះ‌គ្រិស្ដ​កាន់​តែ​ច្រើន​យ៉ាង​ណា យើង​ក៏​បាន​ធូរ​ស្រាល​ពី​ទុក្ខ​តាម​រយៈ​ព្រះ‌គ្រិស្ដ​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។

6. បើ​យើង​ត្រូវ​រង​ទុក្ខ​វេទនា គឺ​ដើម្បី​ឲ្យ​ព្រះ‌អង្គ​សម្រាល​ទុក្ខ និង​សង្គ្រោះ​បង‌ប្អូន។ បើ​យើង​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ហើយ​នោះ គឺ​ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ធ្វើ​ឲ្យ​បង‌ប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដូច​យើង​ដែរ។

7. ដូច្នេះ កាល​ណា​យើង​គិត​ពី​បង‌ប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុត‌មាំ​ដោយ​ដឹង​ថា បង‌ប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បង‌ប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។

8. បង‌ប្អូន​អើយ យើង​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា ដែល​កើត​មាន​ដល់​យើង នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។

9. យើង​នឹក​ក្នុង​ចិត្ត​ថា គេ​នឹង​ដាក់​ទោស​យើង​ដល់​ស្លាប់។ រឿង​នេះ​កើត​ឡើង ដើម្បី​កុំ​ឲ្យ​យើង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

10. ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ព្រះ‌អង្គ​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ព្រះ‌អង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។

11. រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ក៏​បាន​ជួយ​យើង ដោយ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​ទូល‌អង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​អំពី​យើង​ដែរ។

12. សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បង‌ប្អូន​ដោយ​ចិត្ត​ស្មោះ​សរ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​វិញ ត្រង់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។

13. យើង​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត​មក​ជូន​បង‌ប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បង‌ប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​បង‌ប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន

14. ដូច​បង‌ប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ខ្ពស់​មុខ ហើយ​បង‌ប្អូន​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់‌យេស៊ូ​នៃ​យើង​ទ្រង់​យាង​មក​នោះ​ដែរ។

15. ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បង‌ប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​បង‌ប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។

២ កូរិន‌ថូស 1