3. ថ្ងៃមួយ លាញីមួយចំនួនរបស់លោកគីស ជាឪពុករបស់លោកសូល វង្វេងបាត់។ លោកគីសក៏ប្រាប់ទៅលោកសូល ជាកូនថា៖ «ចូរនាំអ្នកបម្រើម្នាក់មក ហើយទៅតាមរកលាញីទាំងនោះចុះ»។
4. លោកសូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុកសាលីសា តែរកលាពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ហើយទៅស្រុកបេនយ៉ាមីន ក៏នៅតែរកពុំឃើញដដែល។
5. កាលទៅដល់តំបន់ស៊ូភ លោកសូលពោលទៅកាន់អ្នកបម្រើ ដែលមកជាមួយថា៖ «ចូរយើងត្រឡប់ទៅផ្ទះវិញ ក្រែងលោឪពុករបស់ខ្ញុំលែងគិតដល់លាញីទាំងនោះ ហើយបែរជាព្រួយបារម្ភពីពួកយើងវិញ»។
6. អ្នកបម្រើឆ្លើយតបថា៖ «នៅភូមិខាងមុខនេះ មានអ្នកជំនិរបស់ព្រះជាម្ចាស់មួយរូប ជាមនុស្សដែលគេគោរពរាប់អាន។ អ្វីៗដែលលោកមានប្រសាសន៍សុទ្ធតែសម្រេចទាំងអស់។ ដូច្នេះ យើងទៅរកលោកមើល៍ លោកប្រហែលជានឹងប្រាប់យើងពីផ្លូវដែលត្រូវទៅ»។
7. លោកសូលឆ្លើយតបថា៖ «បើយើងទៅជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ តើបានអ្វីយកទៅជូនលោក? ក្នុងសំពាយយើងគ្មានសល់នំប៉័ងទេ ហើយយើងក៏គ្មានជំនូនអ្វីសម្រាប់ជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ដែរ តើយើងមានអ្វី?»។
8. អ្នកបម្រើពោលជម្រាបលោកសូលវិញថា៖ «ខ្ញុំប្របាទមានប្រាក់មួយកាក់ជាប់នឹងខ្លួនដែរ ខ្ញុំប្របាទនឹងជូនប្រាក់នេះទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យលោកបង្ហាញផ្លូវយើង»។
9. ពីដើម នៅស្រុកអ៊ីស្រាអែល កាលណាគេទៅទូលសូមអ្វីពីព្រះជាម្ចាស់ គេតែងពោលថា «មក៍! យើងទៅរកគ្រូទាយ!» ដ្បិតអ្នកដែលយើងហៅថាព្យាការីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «គ្រូទាយ»។
10. លោកសូលតបទៅអ្នកបម្រើវិញថា៖ «យោបល់ល្អ! តោ៎ះ យើងទៅ!»។ អ្នកទាំងពីរក៏ធ្វើដំណើរឆ្ពោះទៅភូមិ ដែលអ្នកជំនិតរបស់ព្រះជាម្ចាស់រស់នៅ។
11. ពេលឡើងភ្នំទៅជិតដល់ភូមិ អ្នកទាំងពីរជួបនឹងក្រមុំៗដែលចេញមកដងទឹក ក៏សួរថា៖ «តើលោកគ្រូទាយនៅទីនេះឬទេ?»។
12. នាងទាំងនោះឆ្លើយថា៖ «ចា៎ស! លោកនៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះ លោកអញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវថ្វាយយញ្ញបូជានៅកន្លែងសក្ការៈលើទួលខ្ពស់!
13. ពេលចូលទៅដល់ភូមិ អ្នកទាំងពីរនឹងជួបលោក មុនលោកឡើងទៅកន្លែងសក្ការៈ ដើម្បីពិសាអាហារ។ ពេលណាលោកអញ្ជើញទៅដល់ ទើបប្រជាជនអាចបរិភោគបាន ដ្បិតលោកត្រូវឲ្យពរយញ្ញបូជានោះសិន ទើបភ្ញៀវទាំងអស់បរិភោគ។ ដូច្នេះ សូមអញ្ជើញភ្លាមទៅ អ្នកទាំងពីរមុខជាបានជួបលោកមិនខាន»។
14. អ្នកទាំងពីរបន្តដំណើរទៅមុខ ពេលចូលទៅក្នុងភូមិ ពួកគេជួបលោកសាំយូអែល ចំពេលលោកឡើងទៅកាន់កន្លែងសក្ការៈ។