23. លោកសាំយូអែលមានប្រសាសន៍ទៅអ្នកដាំបាយថា៖ «ចូរយកសាច់មួយចំណែក ដែលខ្ញុំបានប្រគល់ឲ្យអ្នកទុកដោយឡែកនោះមក»។
24. អ្នកដាំបាយក៏ទៅយកសាច់ភ្លៅដ៏ល្អបំផុត មកដាក់នៅមុខលោកសូល។ លោកសាំយូអែលមានប្រសាសន៍ថា៖ «នេះជាចំណែកដែលយើងបានបម្រុងទុកជូនលោក សូមអញ្ជើញពិសាសាច់ដែលគេដាក់នៅមុខលោកចុះ ដ្បិតខ្ញុំឲ្យគេទុកសាច់ជូនលោកបរិភោគ រួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ សម្រាប់ឱកាសនេះ»។ ថ្ងៃនោះ លោកសូលបរិភោគជាមួយលោកសាំយូអែល។
25. បន្ទាប់មក លោកទាំងពីរចុះពីកន្លែងសក្ការៈមកកាន់ភូមិវិញ ហើយលោកសាំយូអែលសំណេះសំណាលជាមួយលោកសូលនៅខាងលើផ្ទះ។
26. លោកសូល និងអ្នកបម្រើក្រោកឡើងតាំងពីព្រលឹម។ នៅពេលថ្ងៃរះ លោកសាំយូអែលមានប្រសាសន៍ទៅកាន់លោកសូលដែលនៅខាងលើផ្ទះថា៖ «សូមរៀបចំខ្លួន ខ្ញុំនឹងជូនដំណើរលោក!»។ កាលលោកសូលរៀបចំខ្លួនរួចហើយ លោកទាំងពីរក៏ចេញមកក្រៅជាមួយគ្នា។
27. កាលធ្វើដំណើរទៅដល់ចុងភូមិ លោកសាំយូអែលមានប្រសាសន៍ទៅកាន់លោកសូលថា៖ «សូមប្រាប់អ្នកបម្រើរបស់លោកឲ្យដើរទៅមុនយើងចុះ»។ អ្នកបម្រើក៏ដើរទៅមុន រួចលោកសាំយូអែលមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ សូមលោកឈប់សិន ខ្ញុំនឹងជម្រាបលោកឲ្យដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់»។