18. លោកសូលចូលទៅជិតលោកសាំយូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំបាទផង ផ្ទះលោកគ្រូទាយនៅឯណា?»។
19. លោកសាំយូអែលមានប្រសាសន៍តបទៅលោកសូលថា៖ «គឺខ្ញុំហ្នឹងហើយគ្រូទាយ។ សូមអញ្ជើញនាំមុខខ្ញុំ ឡើងទៅកន្លែងសក្ការៈ សូមលោកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ ចាំព្រឹកស្អែក ខ្ញុំនឹងជម្រាបលោកនូវអ្វីៗដែលលោកចង់ដឹង រួចសឹមលោកអញ្ជើញទៅចុះ!
20. សូមកុំព្រួយបារម្ភនឹងលាញី ដែលវង្វេងបាត់កាលពីបីថ្ងៃមុននោះឡើយ ដ្បិតគេរកវាឃើញវិញហើយ។ ប៉ុន្តែ សូមជ្រាបថា បំណងប្រាថ្នាដ៏ធំបំផុតរបស់ប្រជាជនអ៊ីស្រាអែល គឺលោក និងគ្រួសាររបស់លោកទាំងមូលតែម្ដង»។
21. លោកសូលតបវិញថា៖ «ហេតុអ្វីបានជាលោកមានប្រសាសន៍មកខ្ញុំដូច្នេះ? ខ្ញុំបាទគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រាអែល ហើយអំបូររបស់ខ្ញុំបាទក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរ»។