11. ពេលឡើងភ្នំទៅជិតដល់ភូមិ អ្នកទាំងពីរជួបនឹងក្រមុំៗដែលចេញមកដងទឹក ក៏សួរថា៖ «តើលោកគ្រូទាយនៅទីនេះឬទេ?»។
12. នាងទាំងនោះឆ្លើយថា៖ «ចា៎ស! លោកនៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះ លោកអញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវថ្វាយយញ្ញបូជានៅកន្លែងសក្ការៈលើទួលខ្ពស់!
13. ពេលចូលទៅដល់ភូមិ អ្នកទាំងពីរនឹងជួបលោក មុនលោកឡើងទៅកន្លែងសក្ការៈ ដើម្បីពិសាអាហារ។ ពេលណាលោកអញ្ជើញទៅដល់ ទើបប្រជាជនអាចបរិភោគបាន ដ្បិតលោកត្រូវឲ្យពរយញ្ញបូជានោះសិន ទើបភ្ញៀវទាំងអស់បរិភោគ។ ដូច្នេះ សូមអញ្ជើញភ្លាមទៅ អ្នកទាំងពីរមុខជាបានជួបលោកមិនខាន»។
14. អ្នកទាំងពីរបន្តដំណើរទៅមុខ ពេលចូលទៅក្នុងភូមិ ពួកគេជួបលោកសាំយូអែល ចំពេលលោកឡើងទៅកាន់កន្លែងសក្ការៈ។
15. មួយថ្ងៃមុនលោកសូលមកដល់ ព្រះអម្ចាស់យាងមកជួបលោកសាំយូអែល
16. ដោយមានព្រះបន្ទូលថា៖ «ស្អែក ពេលថ្មើរហ្នឹង យើងនឹងចាត់បុរសម្នាក់ពីស្រុកបេនយ៉ាមីនឲ្យមកជួបអ្នក។ អ្នកត្រូវចាក់ប្រេងតែងតាំងអ្នកនោះ ឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជាជនរបស់យើង។ អ្នកនោះនឹងរំដោះប្រជាជនយើង ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន ដ្បិតយើងបានឃើញទុក្ខវេទនានៃប្រជាជនរបស់យើង ហើយយើងក៏បានឮសម្រែករបស់ពួកគេដែរ»។
17. ពេលលោកសាំយូអែលឃើញលោកសូល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «គឺបុរសនេះហើយដែលយើងបានប្រាប់អ្នក គេនឹងគ្រងរាជ្យលើប្រជាជនរបស់យើង»។
18. លោកសូលចូលទៅជិតលោកសាំយូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំបាទផង ផ្ទះលោកគ្រូទាយនៅឯណា?»។
19. លោកសាំយូអែលមានប្រសាសន៍តបទៅលោកសូលថា៖ «គឺខ្ញុំហ្នឹងហើយគ្រូទាយ។ សូមអញ្ជើញនាំមុខខ្ញុំ ឡើងទៅកន្លែងសក្ការៈ សូមលោកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ ចាំព្រឹកស្អែក ខ្ញុំនឹងជម្រាបលោកនូវអ្វីៗដែលលោកចង់ដឹង រួចសឹមលោកអញ្ជើញទៅចុះ!