1. ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានបុរសម្នាក់ឈ្មោះគីស ជាកូនរបស់លោកអបៀល ជាចៅរបស់លោកសេរោ ជាចៅទួតរបស់លោកបេកូរ៉ា ក្នុងអំបូរអភីយ៉ា។ លោកគីសជាអភិជនមួយរូប
2. លោកមានកូនប្រុសម្នាក់ឈ្មោះសូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌខ្ពស់ជាងគេទាំងអស់។
3. ថ្ងៃមួយ លាញីមួយចំនួនរបស់លោកគីស ជាឪពុករបស់លោកសូល វង្វេងបាត់។ លោកគីសក៏ប្រាប់ទៅលោកសូល ជាកូនថា៖ «ចូរនាំអ្នកបម្រើម្នាក់មក ហើយទៅតាមរកលាញីទាំងនោះចុះ»។
4. លោកសូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុកសាលីសា តែរកលាពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ហើយទៅស្រុកបេនយ៉ាមីន ក៏នៅតែរកពុំឃើញដដែល។
5. កាលទៅដល់តំបន់ស៊ូភ លោកសូលពោលទៅកាន់អ្នកបម្រើ ដែលមកជាមួយថា៖ «ចូរយើងត្រឡប់ទៅផ្ទះវិញ ក្រែងលោឪពុករបស់ខ្ញុំលែងគិតដល់លាញីទាំងនោះ ហើយបែរជាព្រួយបារម្ភពីពួកយើងវិញ»។
6. អ្នកបម្រើឆ្លើយតបថា៖ «នៅភូមិខាងមុខនេះ មានអ្នកជំនិរបស់ព្រះជាម្ចាស់មួយរូប ជាមនុស្សដែលគេគោរពរាប់អាន។ អ្វីៗដែលលោកមានប្រសាសន៍សុទ្ធតែសម្រេចទាំងអស់។ ដូច្នេះ យើងទៅរកលោកមើល៍ លោកប្រហែលជានឹងប្រាប់យើងពីផ្លូវដែលត្រូវទៅ»។