១ សាំយូ‌អែល 8:12-22 Khmer Standard Version (KHSV)

12. ស្ដេច​នឹង​តែង‌តាំង​មេ​កង​ឲ្យ​ត្រួត​ទាហាន​មួយ​ពាន់​នាក់ ឬ​មេ​ក្រុម​ដែល​ត្រួត​ទាហាន​ហា‌សិប​នាក់។ ស្ដេច​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ភ្ជួរ​រាស់ ច្រូត​កាត់​ថ្វាយ​ស្ដេច ហើយ​ខ្លះ​ទៀត​ផលិត​គ្រឿង​អាវុធ និង​គ្រឿង​ប្រដាប់​រទេះ​ចំបាំង​របស់​ស្ដេច។

13. ស្ដេច​នឹង​ប្រើ​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​លាប​គ្រឿង​ក្រអូប អ្នក​ដាំ​បាយ និង​អ្នក​ធ្វើ​នំ។

14. ស្ដេច​នឹង​យក​ស្រែ ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មេ‌ទ័ព​របស់​ខ្លួន។

15. ស្ដេច​នឹង​យក​ពន្ធ​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ពី​ស្រូវ ពី​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មហា‌តលិក រាជការ និង​រាជ​បម្រើ​របស់​ខ្លួន។

16. ស្ដេច​នឹង​យក​ខ្ញុំ​បម្រើ​ប្រុស​ស្រី និង​ពួក​យុវជន របស់​អ្នក​រាល់​គ្នា គឺ​អ្នក​ដែល​មាន​កម្លាំង​កំហែង​ជាង​គេ ព្រម​ទាំង​យក​សត្វ​លា​របស់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន។

17. ស្ដេច​នឹង​យក​ចៀម​ចំនួន​មួយ​ភាគ​ដប់ ពី​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​ស្ដេច។

18. ថ្ងៃ​មួយ អ្នក​រាល់​គ្នា​នឹង​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រោះ​តែ​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស តែ​នៅ​ថ្ងៃ​នោះ ព្រះ‌អង្គ​មិន​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​ឡើយ!»។

19. ប៉ុន្តែ ប្រជា‌ជន​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​របស់​លោក​សាំយូ‌អែល​ទេ។ ពួក​គេ​ប្រកែក​ថា៖ «ទេ! យើង​ចង់​បាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង

20. ដើម្បី​ឲ្យ​យើង​បាន​ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ទៀត​ដែរ។ ស្ដេច​របស់​យើង​នឹង​គ្រប់‌គ្រង​លើ​យើង ទ្រង់​នឹង​យាង​នាំ​មុខ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង»។

21. កាល​លោក​សាំយូ‌អែល​ឮ​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន លោក​ក៏​យក​ទៅ​ទូល​ព្រះ‌អម្ចាស់។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​សាំយូ‌អែល​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​របស់​គេ ហើយ​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ​ចុះ!»។ បន្ទាប់​មក លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​រៀងៗ​ខ្លួន​វិញ​ចុះ!»។

១ សាំយូ‌អែល 8