1. កាលលោកសាំយូអែលមានវ័យកាន់តែចាស់ណាស់ហើយ លោកបានតែងតាំងកូនប្រុសៗរបស់លោកឲ្យគ្រប់គ្រងប្រជាជនអ៊ីស្រាអែល។
2. កូនប្រុសច្បងរបស់លោកឈ្មោះយ៉ូអែល និងកូនទីពីរឈ្មោះអប៊ីយ៉ា។ អ្នកទាំងពីរគ្រប់គ្រងនៅក្រុងបៀរសេបា។
3. ប៉ុន្តែ កូនប្រុសរបស់លោកសាំយូអែលពុំបានដើរតាមគន្លងរបស់ឪពុកទេ។ ពួកគេគិតតែពីចង់បានប្រាក់កាស ស៊ីសំណូក និងកាត់ក្ដីដោយអយុត្តិធម៌។
4. ហេតុនេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលបានប្រជុំគ្នា ហើយទៅជួបលោកសាំយូអែលនៅរ៉ាម៉ា។
5. ព្រឹទ្ធាចារ្យទាំងនោះជម្រាបលោកថា៖ «ឥឡូវនេះ លោកចាស់ហើយ រីឯកូនរបស់លោកទៀតសោត ក៏ពុំដើរតាមគន្លងរបស់លោកដែរ។ ដូច្នេះ សូមតែងតាំងឲ្យមានស្ដេចមួយអង្គសោយរាជ្យលើយើងខ្ញុំ ដូចប្រជាជាតិទាំងប៉ុន្មានផង»។
6. ពេលឮពួកព្រឹទ្ធាចារ្យពោលថា «សូមតែងតាំងឲ្យមានស្ដេចមួយអង្គសោយរាជ្យលើយើងខ្ញុំ» ដូច្នេះ លោកសាំយូអែលមិនសប្បាយចិត្តទេ លោកក៏ទូលអង្វរព្រះអម្ចាស់។
7. ព្រះអម្ចាស់មានព្រះបន្ទូលតបមកថា៖ «ចូរស្ដាប់តាមពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជាជនដែលបានទាមទារនោះចុះ។ មិនមែនអ្នកទេដែលពួកគេបោះបង់ចោល គឺយើងទេតើដែលពួកគេបោះបង់ចោល ពួកគេមិនចង់ឲ្យយើងសោយរាជ្យលើពួកគេទៀតឡើយ។
8. តាំងពីថ្ងៃយើងបាននាំពួកគេចេញពីស្រុកអេស៊ីបមក រហូតដល់ឥឡូវនេះ ពួកគេបានបោះបង់ចោលយើង ដើម្បីទៅគោរពបម្រើព្រះដទៃទៀត។ ពួកគេប្រព្រឹត្តចំពោះអ្នក ដូចពួកគេធ្លាប់ប្រព្រឹត្តចំពោះយើងដែរ។
9. ដូច្នេះ ចូរស្ដាប់តាមពាក្យសម្ដីពួកគេឥឡូវនេះចុះ ប៉ុន្តែ ចូរព្រមានពួកគេយ៉ាងម៉ឺងម៉ាត់ជាមុន ព្រមទាំងពន្យល់ពួកគេថា ស្ដេចដែលនឹងសោយរាជ្យលើពួកគេនោះ មានសិទ្ធិយ៉ាងណាៗខ្លះ»។