7. កាលជនជាតិភីលីស្ទីនបានឮដំណឹងថា ជនជាតិអ៊ីស្រាអែលប្រជុំគ្នានៅមីសប៉ា ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏លើកទ័ពទៅវាយជនជាតិអ៊ីស្រាអែល។ ដំណឹងនេះបានធ្វើឲ្យជនជាតិអ៊ីស្រាអែលភ័យខ្លាចជាខ្លាំង។
8. ពួកគេជម្រាបលោកសាំយូអែលថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំឡើយ! តែសូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើង ដើម្បីឲ្យព្រះអង្គសង្គ្រោះយើងពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។
9. លោកសាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ រួចទូលអង្វរសូមព្រះអម្ចាស់ជួយជនជាតិអ៊ីស្រាអែល ព្រះអង្គក៏ឆ្លើយតបមកលោកវិញ។
10. នៅពេលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត កងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្ដាលឲ្យពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល។
11. កងទ័ពអ៊ីស្រាអែលចេញពីមីសប៉ា ដេញតាមប្រហារពួកភីលីស្ទីន រហូតដល់បេតកា។
12. លោកសាំយូអែលបានយកថ្មមកដាក់នៅចន្លោះមីសប៉ា និងសេន ហើយដាក់ឈ្មោះថ្មនោះថាអេបេន-អេស៊ើរ ដោយពោលថា ព្រះអម្ចាស់បានសង្គ្រោះយើងរហូតដល់ពេលនេះ។
13. កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់បានសម្តែងឫទ្ធានុភាព ប្រឆាំងនឹងជនជាតិភីលីស្ទីន អស់មួយជីវិតរបស់លោកសាំយូអែល។
14. ក្រុងទាំងប៉ុន្មាន ដែលពួកភីលីស្ទីនវាយដណ្ដើមយកពីអ៊ីស្រាអែលនោះ គឺចាប់តាំងពីក្រុងអេក្រុនរហូតដល់កាថ និងតំបន់ជិតខាង បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលរំដោះយកទឹកដីទាំងនោះ ពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។ មួយវិញទៀត ជនជាតិអ៊ីស្រាអែល និងជនជាតិអាម៉ូរី ក៏រស់នៅយ៉ាងសុខសាន្តជាមួយគ្នាដែរ។
15. លោកសាំយូអែលបានគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់មួយជីវិត។