1. អ្នកស្រុកគារយ៉ាត-យារីមនាំគ្នាមក ហើយយកហិបរបស់ព្រះអម្ចាស់ទៅតម្កល់ក្នុងផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ ពួកគេតែងតាំងលោកអេឡាសារ ជាកូនរបស់លោកអប៊ីណាដាប់ ឲ្យថែរក្សាហិបរបស់ព្រះអម្ចាស់។
2. ជាយូរលង់ក្រោយមក គឺប្រមាណម្ភៃឆ្នាំ ក្រោយពេលដែលគេយកហិប ទៅតម្កល់នៅគារយ៉ាត-យារីម ពូជពង្សអ៊ីស្រាអែលទាំងមូលនាំគ្នាស្រែកអង្វររកព្រះអម្ចាស់។
3. ពេលនោះ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ពូជពង្សអ៊ីស្រាអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញ ដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត* ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ នោះព្រះអង្គនឹងរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។
4. ជនជាតិអ៊ីស្រាអែលបាននាំគ្នាបោះបង់ចោលព្រះបាល* និងព្រះអាស្តារ៉ូត ហើយគោរពបម្រើតែព្រះអម្ចាស់ប៉ុណ្ណោះ។
5. លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរប្រមូលផ្ដុំជនជាតិអ៊ីស្រាអែលទាំងអស់ នៅមីសប៉ា រួចហើយខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ឲ្យអ្នករាល់គ្នា»។
6. ជនជាតិអ៊ីស្រាអែលក៏ប្រជុំគ្នានៅមីសប៉ា ពួកគេបានដងទឹកយកទៅចាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយតមអាហារនៅថ្ងៃនោះ។ ពួកគេសារភាពថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់ព្រះអម្ចាស់»។ លោកសាំយូអែលគ្រប់គ្រងប្រជាជនអ៊ីស្រាអែល នៅមីសប៉ា។
7. កាលជនជាតិភីលីស្ទីនបានឮដំណឹងថា ជនជាតិអ៊ីស្រាអែលប្រជុំគ្នានៅមីសប៉ា ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏លើកទ័ពទៅវាយជនជាតិអ៊ីស្រាអែល។ ដំណឹងនេះបានធ្វើឲ្យជនជាតិអ៊ីស្រាអែលភ័យខ្លាចជាខ្លាំង។
8. ពួកគេជម្រាបលោកសាំយូអែលថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំឡើយ! តែសូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើង ដើម្បីឲ្យព្រះអង្គសង្គ្រោះយើងពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។
9. លោកសាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ រួចទូលអង្វរសូមព្រះអម្ចាស់ជួយជនជាតិអ៊ីស្រាអែល ព្រះអង្គក៏ឆ្លើយតបមកលោកវិញ។
10. នៅពេលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត កងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្ដាលឲ្យពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល។