6. ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តរឹងរូសដូចជនជាតិអេស៊ីប និងព្រះចៅផារ៉ោនដូច្នេះ? ព្រះជាម្ចាស់បានដាក់ទោសជនជាតិអេស៊ីបយ៉ាងធ្ងន់ រហូតដល់ពួកគេយល់ព្រមឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកនោះ។
7. ចូររៀបចំរទេះថ្មីមួយ ព្រមទាំងយកមេគោពីរក្បាល ដែលកំពុងបំបៅកូន និងពុំដែលទឹមសោះ មកទឹមរទេះនោះ រួចបំបែកកូនវា ដោយឃាំងទុកក្នុងក្រោល។
8. ចូរយកហិបរបស់ព្រះអម្ចាស់ទៅដាក់លើរទេះ រួចយកវត្ថុធ្វើអំពីមាសដាក់ក្នុងប្រអប់មួយ ជិតហិប។ វត្ថុទាំងនោះជាតង្វាយ សម្រាប់សូមព្រះអង្គលើកលែងទោស។ បន្ទាប់មក ទុកឲ្យមេគោនាំហិបនោះចេញទៅ ដោយគ្មានអ្នកបរ។
9. ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះឆ្ពោះទៅស្រុកអ៊ីស្រាអែលត្រង់បេតសេម៉េស នោះសឲ្យឃើញថា ពិតជាព្រះអម្ចាស់ ដែលបានធ្វើឲ្យពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនព្រះអង្គទេដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។
10. ជនជាតិភីលីស្ទីនក៏ធ្វើតាម។ ពួកគេយកមេគោពីរក្បាលដែលកំពុងបំបៅកូនមកទឹមរទេះ ហើយបង្ឃាំងកូនវានៅក្នុងក្រោល។
11. ពួកគេយកហិបរបស់ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលមានរូបកណ្ដុរមាស និងរូបឫសដូងបាតធ្វើអំពីមាសដាក់លើរទេះ។