2. ជនជាតិភីលីស្ទីនហៅពួកបូជាចារ្យ និងគ្រូទាយរបស់ពួកគេមកសួរថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះអម្ចាស់? សូមប្រាប់យើងមក តើយើងត្រូវបញ្ជូនហិបនេះទៅកន្លែងដើមវិញដោយវិធីណា?»។
3. ពួកគេតបមកវិញថា៖ «បើសិនជាអ្នករាល់គ្នាចង់បញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅវិញ សូមកុំបញ្ជូនទៅដោយឥតផ្ញើអ្វីទៅជាមួយឡើយ គឺត្រូវយកតង្វាយទៅថ្វាយព្រះអង្គ សូមព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នា ដើម្បីអ្នករាល់គ្នាជាសះស្បើយ ហើយដឹងអំពីមូលហេតុដែលព្រះអង្គដាក់ទោសអ្នករាល់គ្នា»។
4. ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកតង្វាយអ្វីទៅថ្វាយ ដើម្បីសូមព្រះអង្គលើកលែងទោសឲ្យ?»។ ពួកបូជាចារ្យ និងពួកគ្រូទាយឆ្លើយថា៖ «សូមយករូបឫសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្ដុរមាសប្រាំ ស្របតាមចំនួនស្ដេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងស្ដេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។
5. ចូរឆ្លាក់រូបឫសដូងបាត និងរូបកណ្ដុរ ដែលរាតត្បាតស្រុករបស់អ្នករាល់គ្នា រួចលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែល នោះព្រះអង្គប្រហែលជានឹងបន្ធូរបន្ថយទណ្ឌកម្មលើអ្នករាល់គ្នា លើព្រះរបស់អ្នករាល់គ្នា និងលើស្រុករបស់អ្នករាល់គ្នាផង។
6. ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តរឹងរូសដូចជនជាតិអេស៊ីប និងព្រះចៅផារ៉ោនដូច្នេះ? ព្រះជាម្ចាស់បានដាក់ទោសជនជាតិអេស៊ីបយ៉ាងធ្ងន់ រហូតដល់ពួកគេយល់ព្រមឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកនោះ។
7. ចូររៀបចំរទេះថ្មីមួយ ព្រមទាំងយកមេគោពីរក្បាល ដែលកំពុងបំបៅកូន និងពុំដែលទឹមសោះ មកទឹមរទេះនោះ រួចបំបែកកូនវា ដោយឃាំងទុកក្នុងក្រោល។
8. ចូរយកហិបរបស់ព្រះអម្ចាស់ទៅដាក់លើរទេះ រួចយកវត្ថុធ្វើអំពីមាសដាក់ក្នុងប្រអប់មួយ ជិតហិប។ វត្ថុទាំងនោះជាតង្វាយ សម្រាប់សូមព្រះអង្គលើកលែងទោស។ បន្ទាប់មក ទុកឲ្យមេគោនាំហិបនោះចេញទៅ ដោយគ្មានអ្នកបរ។
9. ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះឆ្ពោះទៅស្រុកអ៊ីស្រាអែលត្រង់បេតសេម៉េស នោះសឲ្យឃើញថា ពិតជាព្រះអម្ចាស់ ដែលបានធ្វើឲ្យពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនព្រះអង្គទេដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។
10. ជនជាតិភីលីស្ទីនក៏ធ្វើតាម។ ពួកគេយកមេគោពីរក្បាលដែលកំពុងបំបៅកូនមកទឹមរទេះ ហើយបង្ឃាំងកូនវានៅក្នុងក្រោល។
11. ពួកគេយកហិបរបស់ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលមានរូបកណ្ដុរមាស និងរូបឫសដូងបាតធ្វើអំពីមាសដាក់លើរទេះ។
12. មេគោទាំងនោះដើរតម្រង់ទៅកាន់បេតសេម៉េស វាដើរតាមផ្លូវ ទាំងស្រែករោទ៍ តែមិនងាកឆ្វេង ងាកស្ដាំឡើយ។ ស្ដេចត្រាញ់នៃជនជាតិភីលីស្ទីននាំគ្នាដើរតាមក្រោយរទេះនោះ រហូតដល់ព្រំប្រទល់បេតសេម៉េស។
13. ពេលនោះ ប្រជាជននៅបេតសេម៉េសកំពុងតែច្រូតស្រូវ នៅតាមជ្រលងភ្នំ។ កាលពួកគេងើបមុខឡើង ក្រឡេកមើលទៅ ឃើញហិបនោះមកដល់ ពួកគេត្រេកអរយ៉ាងខ្លាំង។