14. រទេះមកដល់ចម្ការរបស់លោកយ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ហើយឈប់នៅទីនោះ ជិតផ្ទាំងសិលាធំមួយ។ ប្រជាជននៅបេតសេម៉េសនាំគ្នាពុសរទេះធ្វើជាអុស ហើយយកមេគោទាំងពីរមកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។
15. ពួកលេវីបានយកហិបរបស់ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលដាក់វត្ថុធ្វើអំពីមាសជាប់មកជាមួយ ទៅដាក់លើផ្ទាំងសិលា។ នៅថ្ងៃនោះ ប្រជាជននៅបេតសេម៉េសនាំគ្នាថ្វាយតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាដល់ព្រះអម្ចាស់។
16. កាលបានឃើញហេតុការណ៍ទាំងអស់នោះហើយ ស្ដេចត្រាញ់ទាំងប្រាំនៃជនជាតិភីលីស្ទីនវិលត្រឡប់មកក្រុងអេក្រូនវិញ នៅថ្ងៃដដែល។
17. ជនជាតិភីលីស្ទីនបានផ្ញើរូបឫសដូងបាតធ្វើអំពីមាសចំនួនប្រាំ មកថ្វាយព្រះអម្ចាស់ ដើម្បីសូមព្រះអង្គលើកលែងទោសឲ្យ គឺមួយសម្រាប់ក្រុងអាសដូឌ មួយសម្រាប់ក្រុងកាសា មួយសម្រាប់ក្រុងអាសកាឡូន មួយសម្រាប់ក្រុងកាថ និងមួយទៀតសម្រាប់ក្រុងអេក្រូន។
18. គេក៏ផ្ញើរូបកណ្ដុរមាសតាមចំនួនក្រុងភីលីស្ទីនទាំងប៉ុន្មាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចត្រាញ់ទាំងប្រាំដែរ ដោយរាប់ចាប់តាំងពីក្រុងដែលមានកំពែងរឹងមាំ រហូតដល់ភូមិតូចៗដែលគ្មានកំពែង។ ផ្ទាំងសិលាដ៏ធំក្នុងចម្ការរបស់លោកយ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ជាកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ នៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ជាបន្ទាល់ពីហេតុការណ៍នោះ។
19. ព្រះអម្ចាស់បានដាក់ទោសប្រជាជននៅបេតសេម៉េស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ព្រះអម្ចាស់។ ព្រះអង្គបានប្រហារមនុស្សចិតសិបនាក់ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខ ដោយព្រះអម្ចាស់ដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។
20. ប្រជាជននៅបេតសេម៉េសពោលថា៖ «តើនរណាអាចឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធនេះបាន? តើយើងអាចផ្ទេរហិបរបស់ព្រះអង្គទៅកន្លែងណា ដើម្បីឲ្យចេញឆ្ងាយពីពួកយើង?»។
21. ពួកគេចាត់អ្នកនាំសារឲ្យទៅអ្នកស្រុកគារយ៉ាត-យារីម ដើម្បីប្រាប់ថា៖ «ពួកភីលីស្ទីននាំហិបរបស់ព្រះអម្ចាស់មកវិញហើយ សូមអញ្ជើញមកទទួលយកទៅស្រុករបស់បងប្អូនចុះ!»។